ប្រជាពលរដ្ឋអាស្រ័យផលជាង40ឆ្នាំ តែអាជ្ញាធរភូមិឃុំស្រុកមិនទទួលដឹងឮ មិនធ្វើប្លង់ឲ្យ ព្រមទាំងមន្ត្រីបរិស្ថានគម្រាមបណ្ដេញចេញថែមទៀត

ព័ត៌មានជាតិ

ផ្សាយចេញពីរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ÷ មានរឿងដ៏ចម្លែក និង អស្ចារ្យមួយ បានកើតឡើងនៅភូមិស្លែង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយប្រជាពលរដ្ឋ10 គ្រួសារបានរាយការណ៍ ប្រាប់អង្គភាពសារព័ត៌មាន ជីវិត និង កីឡា ឱ្យជួយផ្សព្វផ្សាយដើម្បីឲ្យថ្នាក់ដឹកនាំបានជ្រាប ព្រមទាំងជួយដោះស្រាយជូន ខណៈដែលពួកគាត់កំពុងកាន់កាប់ដីធ្លីធ្វើស្រែចម្ការជាង 40 ឆ្នាំមកហើយ ស្រាប់តែថ្មីៗនេះ មានមន្ត្រីសហគមន៍និងមន្រ្តីបរិស្ថានខេត្តកំពង់ឆ្នាំងមកអះអាងថាដីទាំងនេះជាដីរបស់រដ្ឋហើយថែមទាំងបានធ្វើទុក្ខបុកម្នេញអត់ល្ហែល្ហើយតាមរូបភាពគំរាម កាប់បំផ្លាញផលដំណាំ បណ្ដេញពួកគាត់ឲ្យរុះរើផ្ទះសម្បែង និង ចាប់ដាក់គុកច្រវ៉ាក់ជាដើម ។
ដោយរងការឈឺចាប់ នឹង មន្រ្តីបរិស្ថានទាំងនោះលោកអ៊ុំប្រុសឈ្មោះ ស្វាយ តាត អាយុ 75 ឆ្នាំ អតីតៈមេភូមិស្លែងបានរៀបរាប់ថា ក្រុមគ្រួសារលោកអ៊ំបានរស់នៅលើដីនេះតាំងពីសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ ។ ហើយបើគិតចាប់ពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ក៏មានរយៈពេលជាង៤០ឆ្នាំដែរ ហេតុអីក៏មន្ត្រីសហគមន៍និងមន្ត្រីបរិស្ថានខេត្តកំពង់ឆ្នាំងមកគំរាមដេញគាត់ឲ្យរុះរើលំនៅឋានចេញថែមទាំងបណ្ដេញគាត់ឲ្យទៅដេកជាមួយក្របីក្នុងក្រោលបែបនេះ ។ មិនត្រឹមប៉ុណ្ណឹងមន្ត្រីបរិស្ថានឈ្មោះ ជូន សំអុល និងឈ្មោះ ណុប សុភ័ក្រ បានចាប់ស្រី្តមេម៉ាយកូន6ម្នាក់ និងគោយន្តមួយគ្រឿងបញ្ជូនទៅឃុំឃាំង នៅមន្ទីរបរិស្ថានខេត្តអស់រយៈពេលមួយយប់មួយថ្ងៃ ទើបដោះលែងមកវិញដោយចោទថា ស្ត្រីមេម៉ាយរូបនេះរំលោភយកដីរដ្ឋ ។ ចំណែកគោយន្តគេមិនឱ្យវិញទេទាល់តែមានការព្រមព្រៀងផ្ដិតមេដៃប្រគល់ដីឲ្យគេ ទើបគេឲ្យគោយន្តមកវិញ ។
( សម្ភាសន៍ ស្វាយ តាត )
រីឯលោក ប៊ិត សម្បត្តិ និងភរិយា រស់នៅភូមិ.ឃុំ.ស្រុក ខាងលើដែរបានឲ្យដឹងថា ពួកគាត់រស់នៅអាស្រ័យផលធ្វើស្រែចម្ការលើដីកេរ្ដិ៍ដំណែលបន្តពីឪពុកម្ដាយតាំងពីឆ្នាំ១៩៨១មក នៅតែមន្រ្តីបរិស្ថានចុះមករុះរើផ្ទះ និង បណ្តេញគាត់ចេញមិនឲ្យរស់នៅលើដីនេះដោយសំអាងថា ជាដីបរិស្ថាន ព្រោះគ្មានប័ណ្ណកម្មសិទ្ធ ។ លោកថា អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចជំនាញ មានភាពលម្អៀង បក្សពួកនិយម ខណៈដែលប្រជាពលរដ្ឋដទៃ ជាពិសេសដីមេភូមិឈ្មោះ អ៊ុំ ច្រឹប និងលោកមេឃុំឈ្មោះ សែម សារឿន មានដីនៅក្បែរដីពួកគាត់ដែរត្រូវគេធ្វើប្លង់ឲ្យ នៅសល់តែដីពួកគាត់10 គ្រួសារនេះមិនត្រូវបានអាជ្ញាធរធ្វើប្លង់ជូនឡើយ ។
( សម្ភាសន៍ ប៊ិត សម្បត្តិនិងភរិយា )
ករណីនេះត្រូវបានលោក សែម សារឿន មេឃុំទួលខ្ពស់ ប្រាប់អង្គភាពយើងនៅរសៀលថ្ងៃទី១៤ខែមករាឆ្នាំ២០២៤នេះថា ( សម្លេង សែម សារឿន )
ជាមួយគ្នានេះមន្ត្រីបរិស្ថាន២រូបដែលប្រជាពលរដ្ឋអះអាងថា ជាអ្នកចុះមកដេញ និង គម្រាមកំហែងពួកគាតនោះនៅរសៀលថ្ងៃទី១៤ខែមករាឆ្នាំ២០២៤នេះបានប្រាប់អង្គភាពយើងតាមទូរស័ព្ទថា
( សម្លេង មន្ត្រី បរិស្ថាន )
ដោយឡែកលោក សូត្រ ត្រង អភិបាលស្រុកទឹកផុសនៅរសៀលថ្ងៃទី១៤ខែមករាឆ្នាំ២០២៤នេះបានប្រាប់ ជីវិត និង កីឡា តាមទូរស័ព្ទថា
( សម្លេង សូត្រ ត្រង )
ប្រជាពលរដ្ឋទាំង១០គ្រួសារដែលរងគ្រោះដោយមន្ត្រីបរិស្ថាននិងមន្ត្រីសហគមន៍ធ្វើទុក្ខបុកម្នេញនៅតែលើកឡើងថា ការមិនស្មើភាពគ្នានេះ ធ្វើឲ្យពួកគាត់តូចចិត្តខ្លាំងណាស់ ព្រោះរស់នៅភូមិតែមួយ ហេតុអ្វីពួកគាត់១០គ្រួសារនេះទទួលរងភាពអយុត្តិធម៌ជាងគេ ? ដីគេនៅខាងក្រោយជាប់ជើងភ្នំជុំវិញដីពួកគាត់ ហេតុអីគេធ្វើប្លង់បាន និង មានឯកសារកាន់កាប់ត្រឹមត្រូវ ។ ចុះដីពួកគាត់នៅជាប់ថ្នល់ជាតិសោះ ហេតុអីអាជ្ញាធរមើលមិនឃើញ មិនទទួលស្គាល់ពួកគាត់ ? ឬមួយចាត់ទុកពួកគាត់ជាប្រជាជនចំណាកស្រុក ? ក្នុងករណីនេះដែរគេសង្ស័យថា រដ្ឋបាលភូមិឃុំស្រុកមានគំនុំគំកួននឹងអ៊ំប្រុសឈ្មោះ ស្វាយ តាន ជាអតីតមេភូមិជើងចាស់នៅភូមិនេះផងក៏មិនដឹង ?
ពួកគាត់នៅតែសូមអំពាវនាវដល់លោក ស៊ុន សុវណ្ណារិទ្ធ ចៅហ្វាយខេត្តកំពង់ឆ្នាំង អ្នកច្បាប់ ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ផង ព្រោះប្រជាពលរដ្ឋទាំង 10 គ្រួសារនេះរស់នៅក្នុងភូមិតែមួយ និងរស់នៅលើដីនេះជាង៤០ឆ្នាំដូចគេដូចងដែរ មិនត្រឹមតែធ្វើប្លង់មិនបាននោះទេ គឺថែមទាំងរងនូវការបណ្ដេញចេញពីដីធ្លីដែលធ្លាប់គ្រប់គ្រងជាង 40 ឆ្នាំថែមទៀត តើលើលោកនេះ ជីវិតមនុស្សរស់ក្រោមមេឃតែមួយ លើទឹកដីភូមិឃុំតែមួយ រយពេលនៃការគ្រប់គ្រងយូរឆ្នាំដូចគ្នា ច្បាប់បានចែងឲ្យមានវាសនាខុសគ្មានបែបនេះឬ ? ៕

https://fb.watch/pDCBmwi71T/