ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក ខេង យ័ន

ព័ត៌មានជាតិ

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក ខេង យ័ន ក្រោមបទចោទរំលោភអំណាច និងសម្អាតប្រាក់។
លោក ទិត្យសុធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ បានសម្រេចឃុំខ្លួនលោក ខេង យ័ន អតីតអភិបាលក្រុងកែបជាបណ្ដោះអាសន្ន ក្រោមបទចោទ ប្រកាន់ចំនួន២ គឺបទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ​សម្អាតប្រាក់ ​និងហិរញ្ញប្បទានភេរវកម្ម។
លោក ខេង យ័ន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន និងបានបញ្ជូនទៅសាលាដំបូង​រាជធានីភ្នំពេញនារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បន្ទាប់​ពីត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី សម្រេចចេញអនុក្រឹត្យបញ្ចប់មុខតំណែង ពីអភិបាលក្រុងកែបនៃខេត្តកែប​ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមអភិក្រមទាំង៥ គឺ​ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។
ចំពោះការបញ្ចប់តំណែងលោក ខេង យ័ន ត្រូវបានសម្ដេចធិបតីបញ្ជាក់ថា មានការចាំបាច់ត្រូវ​អនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បី​បញ្ចប់មុខតំណែងរបស់​អភិបាលក្រុងកែប ដែលបានប្រើប្រាស់​អំណាច​នៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំ​ឲ្យប៉ះពាល់​ដល់ផលប្រយោជន៍រដ្ឋ ​និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន៕