ឧកញ៉ា នុត រ៉ានី និងថៅកែឈ្មោះ សុខ វាសនា រងការរិះគន់ពីប្រជាពលរដ្ឋថា បើកកសិដ្ឋានចិញ្ចឹមជ្រូក នាំឲ្យអូរនៅតំបន់នោះអាចប្រែឈ្មោះជាអូរអាចម៍ជ្រូក

ព័ត៌មានជាតិ

 

ផ្សាយចេញពីរាជធានីភ្នំពេញ ខេត្តតាកែវ ÷ ភាពស្មើគ្នានៃការរស់នៅរបស់មនុស្សត្រូវបានច្បាប់កំណត់យ៉ាងជាក់លាក់ ដែលគេហៅថា ជាការគោរពសិទ្ធិមនុស្សក្នុងសង្គម ។ ដោយឡែកបើក្រឡេកមកមើលក្នុងសង្គមខ្មែរយើងបច្ចុប្បន្នវិញ ថ្វីត្បិតតែការរស់នៅមានភាពស្មើគ្នាមួយចំនួនធំក៏ពិតមែន តែនៅមានបុគ្គលខ្លះមើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន ដោយមានទស្សនៈថា បើអ្នកណាវេទនា រងទុក្ខ រងការលំបាក ឬ ស្លាប់ក៏ស្លាប់ទៅ ធ្វើម៉េចឲ្យតែគ្រួសារ បក្សពួក អាត្មាអញរស់នៅបាន ជាការស្រេច ។
ទស្សនៈអាត្មានិយមមួយនេះហើយធ្វើឲ្យប្រជាពលរដ្ឋក្នុងឃុំចំនួន២នៃស្រុកត្រាំកក់កំពុងរងទុក្ខវេទនាដោយសារបុគ្គល 3 ទៅ4 នាក់ ធ្វើអាជីវកម្មនៅភូមិត្រពាំងគ្រញូង ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលរកស៊ីបើកកសិដ្ឋានចិញ្ចឹមជ្រូកបានបង្ហូរទឹកកខ្វក់លាយឡំជាមួយលាមកនិងទឹកនោមជ្រូកចូលអូរដែលប្រជាពលរដ្ឋរស់នៅភូមិឫស្សី១គុម្ព ឃុំអូរសារ៉ាយ នៅខាងក្រោមភូមិត្រពាំងគ្រញូងធ្លាប់ដងទឹកយកទៅប្រើប្រាស់តាមតម្រូវការ តែពេលនេះប្រើការលែងបាន ។
ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិឫស្សី១គុម្ព បាននិយាយឲ្យដឹងថា កសិដ្ឋានចិញ្ចឹមជ្រូក ដែលបង្ហូរទឹកអាចម៍ជ្រូកចូលទៅក្នុងអូរនេះមានចំនួនពីរកសិដ្ឋាន គឺទី១ម្ចាស់១-ឈ្មោះ ឧកញ៉ា នុត រ៉ានី និង ម្ចាស់ទី 2 ឈ្មោះ សុខ វាសនា ។ កសិដ្ឋានចិញ្ចឹមជ្រូក២កន្លែងនេះ បានបង្ហូរអាចម៍និងទឹកនោមជ្រូកចូលទៅក្នុងអូរសាធារណៈរហូតហូរធ្លាក់ដល់ស្ទឹងស្លាគូ ដោយមិនខ្វល់ពីការប៉ះពាល់ដល់បរិស្ថាន ហើយគេក៏មិនបានដឹងថា ការធ្វើអាជីវកម្មដែលនាំឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋនៅភូមិខាងលើនោះ មានច្បាប់ដែរឬយ៉ាងណានោះទេ ? ព្រោះទោះបីមានអាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចជំនាញចុះទៅសម្រមសម្រួល ឬ ទប់ស្កាត់ឲ្យរៀបចំធ្វើកន្លែងស្តុបលាមក ឬទឹកនោមជ្រូក និង ទឹកក្រខ្វក់យ៉ាងណា ក៏គេឃើញឈ្មួញនៅតែបង្ហូរសាធាតុសំអុយទាំងនោះឲ្យហូរចូលទៅក្នុងទឹកអូរ ទឹកស្ទឹងខួបប្រាំងខួបវស្សាយ៉ាងគឃ្លើនដដែល ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ថៅកែកសិដ្ឋានចិញ្ចឹមជ្រូកពីរកន្លែងនេះហាក់មិនខ្វល់ពីផលប៉ះពាល់ការរស់នៅយ៉ាងធ្ងន់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយអូរនិងស្ទឹងនេះទេ ជាពិសេសសត្វពាហនៈដូចជាគោ ក្របី ជ្រូក មាន់ ទា មិនអាចផឹកទឹកស្ទឹងសម្អុយនេះបានដូចកាលពីមិនទាន់មានកសិដ្ឋានចិញ្ចឹមជ្រូកនោះឡើយ ។ មិនតែប៉ុណ្ណោះកសិដ្ឋានទាំងនេះមិនត្រឹមតែបង្ហូរអាចម៍ជ្រូក ទឹកនោមជ្រូកចូលនៅក្នុងអូរ ធ្លាយដល់ស្ទឹងប៉ុណ្ណោះទេ តែថែមទាំងបានធ្វើរបងព័ទ្ធយកអូរដែលជាសម្បត្តិរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៀតផង ។ ករណីនេះ គេមិនដឹងថា ម្ចាស់កសិដ្ឋានទាំងពីរនេះមានខ្នងបង្អែកនៅពីក្រោយធំប៉ុនណាទេនោះទេ ។
កន្លងមកប្រជាពលរដ្ឋធ្លាប់រាយការណ៍ប្រាប់ប្រធានភូមិឬស្សី១គុម្ពដែរ ប៉ុន្តែលោកមេភូមិហាក់ដូចជាគ្មានសមត្ថភាពដោះស្រាយពីបញ្ហាសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋខ្លួនបានឡើយ ។
ពាក់ព័ន្ធនឹងករណីនេះលោក ហែម ភា មេភូមិត្រពាំងគ្រញូងបានប្រាប់ ជីវិត និង កីឡា តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០២៤នេះថា កសិដ្ឋានចិញ្ចឹមជ្រូកទាំង២ខាងលើពិតជាបានបង្ហូរទឹកកាកសំណល់ ស្អុយ គ្រខ្វក់ចូលក្នុងអូរ ឬ ស្ទឹង នាំឲ្ខូចទឹកប្រើប្រាស់មែន ។ ( សម្លេង ហែម ភា )
ប៉ុន្តែលោក ម៉ែន សុវឌ្ឍនា មេការឲ្យទ្រុងជ្រូកលោកឧកញ៉ា នុត រ៉ានី បានប្រាប់អង្គភាពយើងនៅរសៀលថ្ងៃទី១៣ខែមករាឆ្នាំ២០២៤នេះថា ទ្រុងជ្រូកដែលលោកគ្រប់គ្រងនេះមិនបានបង្ហូរកាកសំណល់គគ្រិច ចូលក្នុងអូរ ឬ ស្ទឹងនាំឲ្យខូចបរិស្ថាននោះឡើយ ព្រោះគាត់បានធ្វើអាងស្តុកដល់ទៅ៣ឯណោះ ។ ( សម្លេង ម៉ែន សុវឌ្ឍនា )
រីឯកសិដ្ឋានចិញ្ចឹមជ្រូករបស់ឈ្មោះ សុខ វាសនា អង្គភាពយើងនៅមិនទាន់រកមធ្យោបាយទាក់ទងសួរនាំបាននៅឡើយទេ ខណៈដែលលោក នួន ឃីម មេឃុំត្រពាំងគ្រញូងបានប្រាប់ ជីវិត និង កីឡា នៅរសៀលថ្ងៃទី១៣ខែមករាឆ្នាំ២០២៤នេះថា លោកបានរាយការណ៍ទៅមន្ត្រីជំនាញកសិកម្មថ្នាក់ស្រុក និង ថ្នាក់ខេត្ត រហូតដល់គេចុះមកអប់រំណែនាំឲ្យម្ចាស់កសិដ្ឋានរៀបចំទុកដាក់ឲ្យបានល្អដែរ ប៉ុន្តែកន្លែងខ្លះធ្វើបាន ឯកន្លែងខ្លះនៅតែធ្វើមិនបាន ។
( សម្លេង នួន ឃីម )
ចំណែកលោក អ៊ី វ៉ាន មេឃុំអូរសារាយដែលនៅផ្នែកខាងក្រោមបានរាយរ៉ាប់ប្រាប់អង្គភាពយើងនៅរៀសលថ្ងៃទី១៣ខែមករាឆ្នាំ២០២៤នេះថា
( សម្លេង អ៊ី វ៉ា )

ទោះបីមានការអះអាងពីម្ចាស់កសិដ្ឋានខ្លះថា បានធ្វើអាងស្តុបលាមក និង ទឹនោមជ្រូកមិនឲ្យហូរចេញមកក្រៅ និង មានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានថា ធ្លាប់មានមន្ត្រីជំនាញចុះមកអប់រំណែនាំដល់ម្ចាស់កសិដ្ឋានយ៉ាងណាក៏ គេនៅតែឃើញកាកសំណល់សំអុយលាមក និង ទឹកនោមជ្រូកហូរចូលទៅក្នុងអូរខួបប្រាំងខួបវស្សានាំឲ្យខូចទឹកមិនអាចប្រើប្រាស់បានដដែល ។ ដូច្នេះពួកគាត់នៅតែទទូចស្នើសុំដល់លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ ឬលោក អ៊ូច ភា អភិបាលខេត្តតាកែវមេត្តាប្រញ៉ាប់ចាត់មន្ត្រីជំនាញឲ្យចុះមកត្រួតពិនិត្យមើលសារជាថ្មី និង ដាក់វិធានការណ៍ឲ្យបានតឹងរឹង បើពុំដូច្នោះទេ ទឹកអូរ ឬ ទឹកស្ទឹងក្នុងភូមិសាស្ត្រភូមិ ឃុំទាំងនោះ នឹងក្លាយជាប្រព័ន្ធប្រឡាយសម្រាប់បង្ហូរតែទឹកគគ្រិច ក្រខ្វក់ដែលមិនអាចប្រើប្រាស់បានតែប៉ុណ្ណោះ ហើយនៅពេលខាងមុខអូរ និង ស្ទឹងស្លាគូនោះអាចនឹងប្ដូរឈ្មោះថា ជាអូរអាចម៍ជ្រូកជាក់មិនខាន ៕