អុញនោះ ! អញថាមែនគឺមែន ដំរីងាប់មិនអាចយកចង្អេរមកបាំងជិតឡើយ ទីបំផុតរាជរដ្ឋាភិបាលសម្រេចបញ្ចប់មុខតំណែងលោក ខេង យ័ន ពីអភិបាលក្រុងកែប

ព័ត៌មានកីឡា


ផ្សាយចេញពីរាជធានីភ្នំពេញ ខេត្តកែប ៖ ជីវិត និង ពិតជាស្រឡាំងកាំង និង ចូលរួមចែករំលែកក្ដីសោកស្ដាយយ៉ាងខ្លាំងជាមួយលោក ខេង យ័ន ខណៈដែលទើបនឹងចូលកាន់តំណែងបានជាង១ឆ្នាំ តែត្រូវបានរាជរដ្ឋាភិបាលសម្រេចបញ្ចប់មុខតំណែងពីអភិបាលក្រុងកែបនៅព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២៤នេះ ។
យោងតាមអនុក្រិត្យលេខ ២៧ អនក្រ.តត ស្ដីពីការបញ្ចប់មុខតំណែងមន្ត្រីរាជាការចុះថ្ងៃទី១២ខែមករាឆ្នាំ២០២៤ សម្រេច មាត្រា១ បញ្ចប់មុខតំណែងលោក ខេង យ័ន ឋានន្តរស័ក្ដិវរមន្ត្រីថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលក្រុងកែប ខេត្តកែប ។
មាត្រា២ ៖ បទបញ្ញតិទាំងឡាយដែលផ្ទុយនឹងអនុក្រិត្យនេះ ត្រូវទុកជានិរាករណ៍ ។
មាត្រា៣៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ,រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ,រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ,រដ្ឋមន្ត្រីមុខងារសាធារណៈ ,រដ្ឋមន្ត្រីគ្រប់ក្រសួង ,ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រិត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
ទោះជាមានរឿងធំដល់ថ្នាក់នេះក្ដី ក៏អង្គភាពយើងនៅមិនទាន់ដឹងពីមូលហេតុដែលនាំឲ្យរាជរដ្ឋាភិបាលបញ្ចប់មុខតំណែងលោក ខេង យ័ន ពីអភិបាលក្រុងកែបនៅឡើយដែរ ព្រោះព័ត៌មានផ្សេងៗត្រូវបានលាក់បិទជិតមិនទម្លាយមកខាងក្រៅឡើយ ។
ប៉ុន្តែបើយោងតាមសារដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះជាសាធារណៈនៅព្រឹកថ្ងៃទី១២ខែមករានេះលោកបញ្ជាក់ពី អភិក្រមទាំង៥÷គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់ ។

សម្ដេចថា ថ្ងៃនេះខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន ។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ។

ខ្ញុំសង្ឃឹមថាមន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ នឹង ប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥ ។

ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់(អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជនដែរ ។
ទោះជាយ៉ាងណាប្រភពចុងក្រោយមួយបានលួចបង្ហើបថា សាច់រឿងនេះមានមនុស្ស៤នាក់សុទ្ធតែមានតួនាទីធំៗក្នុងខេត្តកែបដែលអាចពាក់ព័ន្ធ ។ ដូច្នេះ៣នាក់ទៀតដែលដឹងខ្លួនថា ធ្លាប់បានប្រព្រឹត្តិអំពើមិនប្រក្រតីជាមួយលោក ខេង យ័ន អាចកំពុងដេកគ្រុន ទទូភួយ ក្ដៅខ្លួនរាកអាចម៍ដាក់ខោហើយ ។ រឿងនេះអាចមិនទាន់ចប់ត្រឹមនេះទេ គឺក្រោយពីបញ្ចប់មុខតំណែងលោក ខេង យ័ន អាចនៅមានមនុស្សមួយចំនួនទៀតដែលមានឋានៈធំៗក្នុងខេត្តកែប សង្ស័យអាចនឹងមានវាសនាដូចគ្នានេះដែរ សូមរង់ចាំតាមដានទស្សនាវគ្គបន្ត ៕