លោកតាអាយុជាង90ឆ្នាំ ចង់លក់ផ្ទះខ្លួនឯងយកលុយព្យាបាលជំងឺ បែរជាកូន២នាក់ក្នុងចំណោម១០នាក់មកជំទាស់ អាចហៅថា ជាកូនអកត្តញ្ញូបានឬទេ ?

ព័ត៌មានជាតិ


ផ្សាយចេញពីរាជធានីភ្នំពេញភ្នំពេញ ខេត្តកំពង់ស្ពឺ ÷ ឆាកជីវិតរបស់មនុស្សគ្មានអ្វីសំខាន់ជាងការរស់នៅពោរពេញដោយកិត្តិយស សេចក្តីថ្លៃថ្នូរ សាងអំពើល្អ និង ចង់បានអាយុវែងបន្តទៀតនោះឡើយ ម្យ៉ាងទៀតជីវិតចុងក្រោយ បើទោះដឹងថា មិនអាចតថ្លៃនឹងចង្កូមមច្ចុរាជបានយ៉ាងណា ក៏មនុស្សយើងម្នាក់ៗត្រូវតែប្រឹងប្រែងទាំងត្រដាបត្រដួសដើម្បីបានរស់បន្តទៀតដែរ ។ ការប្រឹងប្រែងដើម្បីរស់នោះ មនុស្សម្នាក់ៗសុខចិត្តហ៊ានលះបង់គ្រប់យ៉ាង ទោះមានទ្រព្យតិចតួចឬច្រើនក្តីក៏ត្រូវការរិះរកគ្រប់មធ្យោបាយលក់ទ្រព្យយកលុយមកព្យាបាលជំងឺសម្រាប់ជីវិតចុងក្រោយដែរ ។
រឿងជាក់ស្ដែងមួយដូចគ្នានឹងករណីខាងលើ បានកើតមានលើលោកតាអាយុជាង90ឆ្នាំម្នាក់ដែលរស់នៅកំដរជីវិតចុងក្រោយ ក្នុងភាពចាស់ជរាអង្គុយតែលើរទេះរុញ មានជម្ងឺប្រចាំកាយ ហើយខ្វះលុយកាក់ព្យាបាលលោកតាមានបំណងលក់ផ្ទះ១ល្វែងជាកម្មសិទ្ធិខ្លួនឯងសោះ តែត្រូវកូន២នាក់ក្នុងចំណោម១០នាក់ជំទាស់ ខណៈដែលកូន៨ នាក់ទៀតឯកភាពតាម ។
ពេលជួបជាមួយ ជីវិត និង កីឡា លោកតា យូ ចុន អាយុ៩០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរៀបរាប់ប្រាប់ទាំងឈឺចិត្ត ស្អិតទ្រូងថា គាត់មានកូនទាំងអស់១០នាក់ ពួកគេបានរៀបការមានគ្រួសារកើតជាកូនពូនជាចៅទៅរស់នៅកន្លែងផ្សេងៗរៀងខ្លួនអស់ជាច្រើនឆ្នាំទៅហើយ ។ រហូតដល់ឆ្នាំ២០០៩ លោកតានិងប្រពន្ធបានទិញផ្ទះមួយកន្លែងនៅភ្នំពេញគឺផ្ទះលេខ១៤បេ ផ្លូវលេខ៦១២ សង្កាត់បឹងកក់ 2 ខណ្ឌទួលគោក ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់លោកតាដោយគ្មានកូនណាម្នាក់ពាក់ព័ន្ធនៅក្នុងបន្ទុក ឬ ជាប់ជំពាក់លុយកាក់ក្នុងការទិញផ្ទះនេះឡើយ ។ លុះជាង៣ឆ្នាំក្រោយមកប្រពន្ធគាត់បានស្លាប់ចោលទៅ ពេលនោះលោកតាបានយកប្រពន្ធក្រោយមួយទៀតគ្រាន់នៅជួយមើលថែគ្នា ហើយខ្វះលុយកាក់លោកតាក៏ត្រូវការលក់ផ្ទះនេះយកលុយប្រើប្រាស់តាមបណ្ដាំប្រពន្ធមុន ប៉ុន្តែមិននឹកស្មានថា ក្នុងចំណោមកូនៗទាំង១០នាក់នោះ មានតែ២នាក់ប៉ុណ្ណោះដែលជំទាស់គឺកូនប្រុសឈ្មោះ ហេង ចំរើន រស់នៅភ្នំពេញ និង កូនស្រីពៅឈ្មោះ យូ ពៅ រស់នៅសហរដ្ឋអាមេរិក ហើយដោយសារបណ្ដឹងនោះ គឺអាជ្ញាធរសង្កាត់បឹងកក់២ មិនព្រមចុះហត្ថលេខាលើលិខិតទិញ-លក់ និង ផ្ទេរសិទ្ធឲ្យឡើយ ។
( សម្ភាសន៍តា យូ ចុន )
ពាក់ព័ន្ធរឿងនេះ ជីវិត និង កីឡា បានព្យាយាមសួរកូនៗទាំង២របស់លោកតា យូ ចុន ដែលរារាំងមិនឲ្យលក់ផ្ទះនោះដែរ តែមិនអាចទាក់ទងបានទេ ពោលគឺលោកស្រី យូ ពៅ រស់នៅសហរដ្ឋអាមេរិកមិនដឹងទាក់ទងតាមណា ? ឯលោក ហេង ចំរើន នៅថ្ងៃទី៦ខែមករាឆ្នាំ២០២៤ទូរស័ព្ទរបស់គាត់ហៅមិនចូលឡើយ ។ រីឯសំណួរដែលអង្គភាពយើងខ្ញុំសួរលោក ហេង ចំរើន តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី៧ខែមករាឆ្នាំ២០២៤នេះ ឃើញគាត់ចូលមើលហើយ តែមិនឆ្លើយ ។
ករណីនេះលោក វ៉ាន់ សារ៉េត ចៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក បានប្រាប់ ជីវិត និង កីឡា តាមប្រព័ន្ធតេឡេក្រាមកាលពីរសៀលថ្ងៃទី៦ខែមករាឆ្នាំ២០២៤ ថា ឯកសារទិញផ្ទះនោះ គឺលោកតាទិញជាមួយប្រពន្ធមុនឈ្មោះ ង៉ែត ឃីម ។ ពេលយាយ ង៉ែត ឃីម បានស្លាប់ទៅ លោកតាបានប្រពន្ធក្រោយទៀត ទើបកូនៗប្ដឹងជំទាស់ ។ លោកថា ខាងអាជ្ញាធរសង្កាត់មិនអាចលូកលាន់រឿងផ្ទៃក្នុងគ្រួសារគេបានទេ គឺនៅរង់ចាំតែកូនៗគាត់ដកពាក្យបណ្ដឹងចេញ ខាងសង្កាត់នឹងស៊ីញ៉េជូនភ្លាម ។
(សម្លេង វ៉ាន សារ៉េត )
បើយោងតាមការអះអាងពីលោក វ៉ាន់ សារ៉េត ចៅសង្កាត់បឹងកក់២ និង ពិនិត្យលើឯកសារកាន់កាប់អចលនទ្រព្យដែលពុំមានពាក់ព័ន្ធជាមួយកូនៗខាងលើ បានបង្ហាញឲ្យឃើញថា ការរាំងស្ទះនៃដំណើររឿងនេះគឺដោយសារតែកូនអកត្តញ្ញូដែលមានគំនិតចង់ហួងហែងទ្រព្យសម្បត្តិឪពុកដែលចាស់ជរាតែប៉ុណ្ណោះ ។
ទិដ្ឋភាពបែបនេះត្រូវបានមហាជនបញ្ចេញមតិថា បើគេនិយាយតាមធម៌ព្រះសម្រាប់លោកតា យូ ចុន ដែលមានវ័យជាងកៅសិបឆ្នាំ កំពុងមានជំងឺប្រចាំកាយអង្គុយតែលើរទេះរុញរង់ចាំតែថ្ងៃមរណាមកដល់នោះ កូនៗគួរតែគិតលើភាពកត្តញ្ញូ បើមិនបានផ្ដល់លុយកាក់ ឬ នៅមើលថែរក្សាឪពុកចាស់ជរា ត្រូវស្គាល់ពីធម៌បាបបុណ្យ ឬ ដឹងគុណឪពុកម្តាយដែលខំបង្កើតរាងកាយ និង ចិញ្ចឹមតាំងពីតូចរហូតដល់ធំមានទ្រនំខ្ពស់ផង បើមិនបានជួយជ្រោមេជ្រែងទំនុកបម្រុងសងគុណសុំកុំតែធ្វើអំពើបាបលើមានគុណទៅក៏ល្អដែរ ។ ការពិតជីវិតចុងក្រោយរបស់គាត់គ្មានចង់បានអ្វីក្រៅពីពេលស្លាប់ទៅមានលុយ មានទ្រព្យខ្លួនឯងសម្រាប់ទុកធ្វើបុណ្យដោយមិនពឹងផ្អែកលើទ្រព្យកូនៗតែប៉ុណ្ណោះ ។ ដូច្នេះគួរតែបើកចិត្តឲ្យទូលាយសម្រាប់ជីវិតចុងក្រោយជូនគាត់គឺជាអំពើកត្តញ្ញូ ដូចមនុស្សទូទៅផង ទោះជាគាត់មានប្រពន្ធក្រោយពិតមែន ប៉ុន្តែកូនៗទាំង១០នាក់មិនបានទៅដេកនៅក្បែរ មើលថែរក្សាគាត់ព្រឹកល្ងាចដូចប្រពន្ធក្រោយនេះឡើយ ។
ចុងបញ្ចប់លោកតាយូ ជុន បានលើកម្រាមដៃដប់សំពះសុំអង្វរដល់អ្នកច្បាប់ អ្នកស្រឡាញ់យុត្តិធ៌ម និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយរកខុសត្រូវ ដោះស្រាយដល់រូបគាត់ផង ព្រោះពេលនេះគាត់អាយុ 90 ឆ្នាំហើយរង់ចាំតែថ្ងៃជីវិតចុងក្រោយប៉ុណ្ណោះ ៕