ស្ត្រីវ័យចំណាស់ម្នាក់ឈ្នះក្តីរឿងដីធ្លីនៅតុលាការទាំង៣ថ្នាក់ តែការអនុវត្តសាលដីកាហាក់មិនមានប្រសិទ្ធភាពឡើយ

ព័ត៌មានជាតិ


ផ្សាយចេញពីរាជធានីភ្នំពេញ ខេត្តកំពត ÷ ស្រ្តីវ័យចំណាស់ម្នាក់កំពុងទទូចសុំឲ្យអាជ្ញាធរ និង សមត្ថកិច្ចជំនាញ មេត្តាជួយពន្លឿន និង មានចំណាត់ការអនុវត្តសាលដីកាឲ្យបានឆាប់រហ័សក្នុងបណ្ដឹងដីធ្លីដែលអតីតៈប្ដីលួចលក់ឱ្យអ្នកដទៃ ខណៈដែលគាត់ឈ្នះក្តីដល់ទៅ៣សាលា គឺសាលាដំបូង សាលាឧទ្ធរណ៍ និង តុលាការកំពូល ។
ស្រ្តីឈ្មោះ ស្រី ជឿន អាយុ៦៤ឆ្នាំ រស់នៅក្រុម១៨ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានប្រាប់ ជីវិត និងកីឡា ថា រូបគាត់និងប្ដីឈ្មោះ ហេង ហ៊ាន ហៅ ហេង ញ៉ាញ់ ថ្វីត្បិតបានរៀបការជាមួយគ្នារហូតមានកូនចៅរស់នៅភូមិខាងលើអស់រយៈពេលច្រើនឆ្នាំមែន ប៉ុន្តែមកដល់ឆ្នាំ ២០១៥ ប្ដីរបស់គាត់មានប្រពន្ធថ្មី បានវាយធ្វើបាបគាត់ពកមុខ ហើមភ្នែក ហើយគាត់ក៏ទៅដេកពេទ្យនៅភ្នំពេញ ហើយក៏មានការលែងលះគ្នា ដោយប្តីទារលុយពីគាត់ជាង២៥០០$និងយកថ្លៃគោ១ក្បាល៧០ម៉ឺនរៀលរួចទៅធ្វើការនៅស្រុកថៃបាត់ទៅ ឯដីធ្លីផ្ទះសម្បែងនៅភូមិខាងលើដែលមានទទឹង៧ម៉ែត្រកន្លះ បណ្ដោយ៤៧ម៉ែត្រត្រូវបានក្លាយជាកម្មសិទ្ធិស្របច្បាប់របស់គាត់ដោយមានប្លង់ទទួលស្គាល់ពីជំនាញសុរិយោដីត្រឹមត្រូវ ។
ស្រ្តីឈ្មោះ ស្រី ជឿន បានបន្តថា លុះក្រោយមកមិនដឹងរឿងអីស្រាប់តែអតីតៈប្ដីរបស់គាត់បានមកលួចលក់ដីកម្មសិទ្ធរបស់គាត់នៅខាងក្រោយ មានទទឹង៧ម៉ែត្រកន្លះ បណ្ដោយ៥ម៉ែត្រឱ្យទៅឈ្មោះ ហ៊ឹម វ៉ា មិនឲ្យគាត់ដឹងទៅវិញ ។ លោកស្រីអះអាងថា ឈ្មោះ ហ៊ឹម វ៉ា ពីមុនជាអ្នកធ្លាប់ជួលផ្ទះគាត់កន្លែងដែលគាត់ទិញនេះមួយខែ 30 ដុល្លារ ប៉ុន្តែឥឡូវគាត់បែរជាមានឈ្មោះជាម្ចាស់ដីនិងផ្ទះដែលធ្លាប់ជួលនៅនេះទៅវិញ ។ មិនត្រឹមតែលួចលក់ដីឲ្យអ្នកដទៃទេ ប៉ុន្តែឈ្មោះ ហេង ហ៊ាន ហៅញ៉ាញ់ ថែមទាំងបានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តព្រះសីហនុ សុំមោឃភាពប្លង់រឹងលើក្បាលដីលេខ៦១៧ចោល តែត្រូវបានតុលាការកាត់ក្តីឲ្យឈ្មោះ ស្រី ជឿន ឈ្នះ ។ បន្ទាប់មកអតីតៈប្ដីហេងស៊យរូបនេះបានប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ក្រុងភ្នំពេញ ហើយសាលាឧទ្ធរណ៍កាត់ក្តីឱ្យឈ្មោះ ហេង ហ៊ាន ចាញ់ក្តីទៀត ។ ឈ្មោះនេះកើតទុក្ខមិនសុខចិត្តក៏ប្ដឹងទៅតុលាការកំពូលបន្តទៀត ហើយនៅទីនោះតុលាការកំពូលនៅតែរក្សាសាលក្រមសាលាដំបូងខេត្តព្រះសីហនុ និង សាលដីកាសាលាឧទ្ធរណ៍ចាត់ទុកជាបានការដដែល ពោលគឺឈ្មោះ ហេង ហ៊ាន ហៅ ញ៉ាញ់ ជាអ្នកចាញ់ក្តីរហូត តែសមត្ថកិច្ចស្ថាប័នតុលាការខេត្តព្រះសីហនុមិនអាចអនុវត្តសាលដីកាសាលាឧទ្ធរណ៍បាន គឺអ្នកឈ្នះក្តីនៅតែមិនអាចចូលទៅគ្រប់គ្រងដីបាន ហើយអ្នកដែលអះអាងថា បានទិញដីពីឈ្មោះ ហេង ហ៊ាន នោះនៅតែបន្កកាន់កាប់ដី ផ្ទះនោះ ហើយមានចរឹតក្រអឺតក្រទម ជេរប្រមាថឈ្មោះ ស្រី ជឿន ជាហូរហែរហូតដល់សព្វថ្ងៃ ។
( សម្ភាសន៍ ស្រី ជឿន )
ពាក់ព័ន្ធនឹងរឿងនេះបុរសឈ្មោះ ហ៊ឹម វ៉ា បានអះអាងយ៉ាងសឿងបឿងថា គាត់បានទិញដីទំហំ៧ម៉ែត្រកន្លះ ទទឹង៥ម៉ែត្រនេះ ពីបុរសឈ្មោះ ហេង ហ៊ាន ហៅ ហេង ញ៉ាញ់ អតីតៈប្ដីឈ្មោះ ស្រី ជឿន តាំងពីឆ្នាំ២០១៦ ក្រោយដឹងថា ឈ្មោះ ហេង ហ៊ាន ហៅ ហេង ញ៉ាញ់ ដែលបានលែងលះប្រពន្ធដាច់ស្រេចហើយ ។ លោកថា ការទិញនេះគឺទិញក្នុងតម្លៃ៥ពាន់ដុល្លារ ដែលមានការដឹងឮត្រឹមសង្កាត់ ហើយខាងសង្កាត់ថា ដីអត់គ្រប់ឡូត៍ អត់គ្រប់ខ្នាត ស៊ីញ៉េត្រឹមភូមិបានហើយ ព្រោះដីនេះតូចពេក ។
( សម្ភាសន៍ ហ៊ឹម វ៉ា )
ពាក់ព័ន្ធនឹងករណីនេះលោក គឹម ថៃស័រ ប្រធានភូមិបាលក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី៩ខែមករាឆ្នាំ២០២៤នេះ បានផ្ដល់ចម្លើយតាមតេឡេក្រាមមកអង្គភាពយើងថា ការផ្ទេរសិទ្ធដីដែលបានចុះបញ្ជីររួចមានប្លង់រឹង ផ្ទេរទាំងមូល ឬ បំបែកក្បាលដីគឺត្រូវអនុវត្តតាមនិតិវិធីសុរិយោដី ក្នុងនោះត្រូវឆ្លងកាត់ ការិ.ភូមិបាល និង បន្តនិតិវិធីបញ្ចប់នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ។ ករណីបណ្ណខាងលើនេះ បើពិនិត្យសៀវភៅគោលមានកម្មសិទ្ធិករឈ្មោះ ស្រី ជឿន ( មេម៉ាយលែងលះពី ហេង ញ៉ាញ់) មិនទាន់មានការផ្ទេរសិទ្ធិទៅអ្នកដទៃឡើយ ។ ចំពោះករណីមេភូមិបានចុះហត្ថលេខាទិញ-លក់ សូមសួរមេភូមិ ឬលោកចៅសង្កាត់ ឲ្យបំភ្លឺជូនចុះ ដោយសារការចុះហត្ថលេខារបស់គាត់មិនទាក់ទងនឹងការិ.ភូមិបាល នោះទេ ។
ករណីនេះត្រូវបានលោក ហេង ប៊ុនលី មេភូមិ៤ ប្រាប់ ជីវិត និង កីឡា នៅព្រឹកថ្ងៃទី៩ខែមករាឆ្នាំ២០២៤នេះថា
( សម្ភាសន៍មេភូមិ )
ជាមួយគ្នានេះលោក ហេង វិចិត្ត ស្មៀនសង្កាត់៤ នៅព្រឹកថ្ងៃទី៩ខែមករាឆ្នាំ២០២៤នេះ បានឆ្លើយថា រឿងដីធ្លីលោកអត់ច្បាស់ទេ សុំឲ្យសួរទៅចៅសង្កាត់ចុះ ។ ( សម្លេង ហេង វិចិត្ត )
រីឯលោក សេង នីម ចៅសង្កាត់៤ នៅព្រឹកថ្ងៃទី៩ខែមករាឆ្នាំ២០២៤នេះថា មិនមានពាក្យអ្វីឆ្លើយក្រៅពីពាក្យថា លោកមិនដឹងទេ ព្រោះរឿងនេះធ្លាក់តុលាការអស់ហើយ ។
( សម្លេង ចៅសង្កាត់ )

យោង -សាលដិការតុលាការកំពូលលេខ៥៣ញ ចុះថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២១ លើសំណុំរឿងរដ្ឋបវេណីលេខ១៩៨ ចុះថ្ងៃទី៥ខែតុលាឆ្នាំ២០២០ សម្រេចច្រានចោលបណ្ដឹងសារទុក្ខលេខ១៧១ ចុះថ្ងៃទី៣ខែសីហាឆ្នាំ២០២០ តម្កល់សាលដីការដ្ឋបវេណីលេខ១១ ក្រ៦ ឆ ចុះថ្ងៃទី១០ខែមិនាឆ្នាំ២០២០ របស់សាលាឧទ្ធរណ៍ភ្នំពេញទុកជាបានការ ។ – យោងលិខិតជូនដំណឹងស្ដីពីការអនុវត្តដោយស្ម័គ្កចិត្តលើកទី៣ ( លើកចុងក្រោយ ) របស់សាលាដំបូងខេត្តព្រះសីហនុលេខ៦៩៦ លជណ/២៣ ឲ្យលោក លោកស្រី ធ្វើការចាកចេញនិងរុះរើសំណង់ ហើយនឹងការ្យផ្សេងៗចេញពីទីតាំងអចលនវត្ថុលេខ១៨០១០ ៤០ ៤-០៦១៧ ចុះថ្ងៃទី២៣ខែមិថុនាឆ្នាំ២០០៦ មានក្បាលដីលេខ៦១៧ ទំហំ២៨៦ម៉ែត្រការ៉េ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាកម្មសិទ្ធស្របច្បាប់របស់ម្ចាស់បំណុលនៃការអនុវត្តឈ្មោះ ស្រី ជឿន ដោយស្ម័គ្គចិត្តឲ្យបានមុនថ្ងៃទី៩ខែមិនាឆ្នាំ២០២៣ ។ ករណីលោក លោកស្រីមិនអនុវត្តតាមខ្លឹមសារនៃលិខិតជូនដំណឹងលើកទី៣ (លើកចុងក្រោយ ) នេះទេ អាជ្ញាសាលានៃសាលាដំបូងខេត្តព្រហសីហនុ នឹង ចុះអនុវត្តដោយបង្ខំតាមអំណាចសាលដិកាខាងលើនេះដោយមិនជូនដំណឹងជាមុននោះទេ ។
បញ្ជាក់ អាជ្ញាសាលាមិនទទួលខុសត្រូវរាល់ការខូចខាតសម្ភារៈទាំងឡាយរបស់សហកូនបំណុល តតីយជននៅក្នុងពេលអនុវត្តដោយបង្ខំឡើយ ហើយបើមានការរារាំងក្នុងនិតិវិធីអនុវត្តដោយបង្ខំ យើងនឹងអនុវត្តតាមនិតិវិធីច្បាប់ ។
ពាក់ព័ន្ធនឹងការចុះអនុវត្តសាលដីកាតុលាការទាំង៣លើកមិនបានសម្រេចនេះ អង្គភាពយើងមានឯកសារពាក់ព័ន្ធជាច្រើនក្នុងដៃ ដូចជាពាក្យស្នើសុំអនុវត្តដោយបង្ខំរបស់ឈ្មោះ ស្រី ជឿន ដាក់ចូលសាលាដំបូងខេត្តព្រះសីហនុនៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២២ សុំឲ្យសមត្ថកិច្ចអនុវត្តប្រគល់អចលនទ្រព្យដែលមានវិញ្ញាបនបត្រលេខ ១៨០១០៤០៤-០៦១៧ ចុះថ្ងៃទី២៣ខែមិថុនាឆ្នាំ២០០៦ មានក្បាលដីលេខ៦១៧ ទំហំ២៨៦ម៉ែត្រការ៉េ នៅភូមិ សង្កាត់ខាងលើ តាមអំណាចសាលដិកាតុការកំពូលដែលបានចូលជាស្ថាពរ ។ សាលក្រម និងសាលដីការបស់តុលាការទាំង៣ថ្នាក់ រួមជាមួយនឹងលិខិតជូនដំណឹងស្ដីពីការអនុវត្តដោយស្ម័គ្គចិត្តលើកទី៣ ( លើកចុងក្រោយ )របស់សាលាដំបូងខេត្តព្រះសីហនុ ដ៏គួរឲ្យកក់ក្ដៅដែលអាចបង្ហាញឲ្យឃើញថា យុត្តិធ៌មសម្រាប់ស្រ្តីមេម៉ាយឈ្មោះ ស្រី ជឿន មានតែលើក្រដាស ឯសាលក្រម និង សាលដិកាតុលាការទាំង៣ថ្នាក់គឺគ្មានតម្លៃ ចំណែកលិខិតជូនដំណឹងរបស់សាលាដំបូងខេត្តព្រះសីហនុក៏គ្មានន័យដែរ ខណៈដែលតតីយជននៅតែមិនទាន់រុះរើផ្ទះចេញ និង ប្រើអាកប្បកិរិយាច្រឡឺសបឺស ជេរប្រមាថ ម្ចាស់ទ្រព្យដោយគ្មានកោតក្រែង ។
ទោះជាយ៉ាងណាស្រ្តីឈ្មោះ ស្រី ជឿន នៅតែមិនអស់ចិត្ត និង បានចោទសួរថា បើគាត់ឈ្នះក្តីទាំងបីសាលា ព្រមទាំងបានចំណាយលុយកាក់ខ្លះៗសម្រាប់ឲ្យសមត្ថកិច្ចស្ថាប័នតុលាការខេត្តព្រះសីហនុអនុវត្តសាលដីកាសាលាឧទ្ធរណ៍ទៀតផង ហេតុអីមានរយៈពេលច្រើនខែមកហើយនៅតែស្ងាត់ជ្រាប ហើយអ្នកចាញ់ក្តីនៅតែបន្តរស់នៅលើដីគាត់ និង ជេរស្ដី ឌឺដងដាក់គាត់ដដែលៗបែនេះ ? តើអស់លោកដែលមានតួនាទីជាអ្នកអនុវត្តសាលដិកាស៊ីប្រាក់ខែរដ្ឋ បានហូបឆ្ងាញ់ សម្រានលក់ស្រួលនោះ មានយល់ពីទុក្ខលំបាករបស់រាស្ត្រដែរឬទេ ? ឬមួយតួនាទីរបស់អស់លោក បានត្រឹមតែពាក់ក្រវ៉ាត់ក អង្គុយរង់ចាំលាភសក្ការៈក្នុងម៉ាស៊ីនត្រជាក់ ? បើតែយ៉ាងៗនេះស្លាប់រាស្ត្រអស់ហើយលោកតុលាការដ៏មហិមាអើយ ៕