មេឈ្មួញដឹកជញ្ជូនអនុផលព្រៃឈើប្រកាសប្ដឹងអ្នកកាសែតដែលចោទគាត់ដឹកធ្យូងថា ដឹកជញ្ជូនអនុផលព្រៃឈើ ហើយសមត្ថកិច្ចខេត្តក្រចេះមិនទប់ស្កាត់ ?

ព័ត៌មានជាតិ


ផ្សាយចេញពីរាជធានីភ្នំពេញ ខេត្តក្រចេះ ÷ សព្វថ្ងៃក្រុមឈ្មួញមួយចំនួនដែលប្រកបរបររកស៊ីដឹកជញ្ជូនបទល្មើសអនុផលព្រៃឈើតាមដងផ្លូវពីខេត្តក្រចេះចេញទៅប្រទេសវៀតណាម ទោះបីពួកគេសម្រុកធ្វើយ៉ាងណាក៏ហាក់មានការប្រុងប្រយ័ត្ន និង បិទបាំងពីភ្នែកមហាជនជាខ្លាំង ប៉ុន្តែសម្រាប់ស្ត្រីជើងខ្លាំងម្នាក់ឈ្មោះ ស្រីធី ហៅចែនី បែរជាកំពុងដឹកជញ្ជូនបទល្មើសយ៉ាងគគ្លើនទាំងយប់ទាំងថ្ងៃ សប្បាយកើបលុយពីមុខរបរបនោះដោយមិនលាក់លៀម និង មិនញញើតអ្វីទាំងអស់ មិនដឹងថា អស់លោកមន្ត្រីសមត្ថកិច្ចជំនាញ ដែលឈរជើងប្រចាំការតាមដងផ្លូវ និង នៅច្រករបៀងនោះកំពុងធ្វើអ្វី ? មិនដឹង ឬ ដឹងដែរតែព្យាយមបិទភ្នែក ញ៉ុកត្រចៀកធ្វើមិនឃើញ មិនឮព្រោះតែលាភសក្ការៈនោះទេ បានជាមើលទៅដូចជាបានបើកសញ្ញាភ្លើងខៀវឲ្យស្ត្រីមេឈ្មួញរូបនេះធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើជារៀងរាល់ថ្ងៃតាមអំពើចិត្តបែបនេះ ។
ប្រជាពលរដ្ឋរាយការណ៍ឲ្យដឹងថា សព្វថ្ងៃនេះក្រុមឈ្មួញដែលគេឲ្យរហស្សនាមថា ជាឧក្រិដ្ឋជនព្រៃឈើនៅភាគឥសាន្ត កំពុងសម្រុកដឹកជញ្ជូនប្រមូលផលអនុផលព្រៃឈើយ៉ាងពេញបន្ទុក ខណៈដែលស្ត្រីមេឈ្មួញឈ្មោះស្រីធី គឺកំពុងសម្រុកដឹកជញ្ជូនធ្យូងឆ្លងដែនចេញពីច្រក 105 ស្ថិតនៅភូមិត្រៀប ឃុំថ្មី ស្រុកចិត្តបុរី ដឹកឆ្លងកាត់ស្រុកស្នួល ចេត្តក្រចេះទៅលក់នៅប្រទេសវៀតណាម ។
ជាក់ស្ដែងនៅថ្ងៃទី 5 ខែមករាឆ្នាំ 2024វេលាម៉ោង 10:58 នាទីព្រឹកភ្នាក់ងារព័ត៌មាន ជីវិត និង កីឡា ប្រចាំខេត្តក្រចេះ បានជួបរថយន្តសាំយ៉ុងកែច្នៃខ្នាតយក្សពុំមានផ្លាកលេខមួយគ្រឿងកំពុងដឹកជញ្ជូនធ្យូងពេញព្រៀបបើកសំដៅទៅផ្លូវដេ3 ហើយត្រូវបានភ្នាក់ងារយើងតាមថតផ្ដិតយករូបភាពពិតក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មានជាក់ស្ដែងឲ្យថ្នាក់លើដឹងដើម្បីចេញទៅបង្ក្រាប ប៉ុន្តែពេលនោះមានឡានម៉ាកឡង់គ្រីស័រពណ៌ស្ករហ្សេរីចាស់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ(2D2295)បើកមកបិទផ្លូវមិនឱ្យអ្នកសារព័ត៌មានយើងបន្តទៅមុខបាននោះទេ ។ បន្ទាប់មកក៏មានស្ត្រីជាថៅកែធ្យូងម្នាក់បានទូរស័ព្ធមកប្រាប់ភ្នាក់ងារយើងរបៀបធ្វើពើថា មិនបានយកឡានរាំងផ្លូវស្អីទេ សុំឲ្យបកក្រោយទៅជូបគាត់វិញ បើទៅមុខទៀតក៏អត់ប្រយោជន៍ដែរ ។ (ដាក់សំឡេងចែនី ..)
ដោយមិនអស់ចិត្តអង្គភាពយើងក៏បានទូរស័ព្ទទៅសុំការបំភ្លឺពីចែធី នៅព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០២៤នេះម្ដងទៀត មិននឹកស្មានថា រង្វាន់ដ៏មាន័យរបស់ស្រីធីសម្រាប់ឆ្នាំថ្មីនេះ គឺការប្រមាថ មាក់ងាយ និង ព្រមានប្ដឹងអ្នកកាសែតដែលឃើញគាត់ដឹកធ្យូងសោះ បែរជាហ៊ានថាគាត់ ដឹកជញ្ជូនអនុផលព្រៃឈើទៅវិញ ។ (សម្លេង ចែនី )
បានឮសម្ដីរបស់មេឈ្មួញមានលុយ មានអំណាច មានបក្ខពួកជាន់ផ្អៀងទឹកដីភាគឥសានមារយាទអន់ម្នាក់នេះភ្លាម អង្គភាពយើងមានការភិតភ័យ តក់ស្លុតខ្លាចគាត់ប្ដឹងផ្ដល់យ៉ាងខ្លាំង ដោយបានព្យាយាមទូរស័ព្ទរាយការណ៍ទៅលោក លុន ប៊ុនថុល មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្នួល តែលោកលើកទូរស័ព្ទហើយ មិនបានចាប់អារម្មណ៍នឹងសំណួរអ្នកកាសែតឡើយ បែរជានិយាយតែរឿងធ្វើទ្រុងមាន់ឯណាឯណោះឆ្កុយ ហើយក៏បិទទូរសព្ទទៅវិញបាត់ ។
( សំឡេង លុន ប៊ុនថុល )
ការបញ្ចេញចរឹតបែបជជុះៗពីមន្ត្រីរូបនេះធ្វើឲ្យអ្នកសារព័ត៌មាន នឹកឃើញដល់សារសម្លេងដែលលោក សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធខេត្តក្រចេះធ្លាប់ព្រមានលោក លន់ ប៊ុនថុល និងមេៗតាមស្រុកមួយចំនួនថា បើនៅតែមានធ្យូងចេញទៀតលោកនឹងចាត់ការចេញហើយ ។ ( សម្លេង សាត គឹមសាន )
យ៉ាងណាសារសម្លេងនេះត្រូវបានមហាជនចាត់ទុកជាសម្ដីអេតចាយនិយាយឲ្យតែល្អស្ដាប់តែប៉ុណ្ណោះ ព្រោះប្រសិនជាសម្ដីមាសនោះគេគិតថា វាសនារបស់លោក លន់ ប៊ុនថុល និង មេៗប៉េអឹមតាមស្រុកមួយចំនួននោះប្រហែលជាអណ្ដែតអណ្ដូងទៅឆ្ងាយបាត់ទៅហើយ គឺប្រាកដជាគ្មានវត្តមានកាន់តំណែងរហូតមកដល់ពេលនេះទេ ព្រោះបច្ចុប្បន្នក្រុមឈ្មួញសម្រុកដឹកធ្យូងកាន់តែខ្លាំង ឯសមត្ថកិច្ចកាន់តែស្រវាំងភ្នែក ។
អង្គភាពយើងក៏បានព្យាយមរាយការណ៍ទៅលោក ភូមិ ឃុនឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួលដែរ តែទូរសព្ទចូលហើយពុំមានអ្នកទទួលទេ ខណៈដែលលោក សាម ណាល អភិបាលស្រុកស្នួលបានបញ្ជាក់ថា ចាំគាត់ឱ្យមេព្រៃធ្វើការរឿងនេះ ( សំឡេង សាម ណាល )
ចំណែកលោក ឈន សំអាត មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលបន្ទុកទិសឥសាន បានប្រាប់ភ្នាក់ងារថា គាត់កំពុងប្រជុំនៅភ្នំពេញ គឺមេបានកំណត់ឲ្យស្រាវជ្រាវរកក្រុមនោះឲ្យឃើញ រួចទាក់ទងទៅជំនាញដើម្បីបង្ក្រាបទាំងអស់ ។
( សម្លេង ឈន សំអាត )
ប្រភពចុងក្រោយមួយបានបញ្ចាក់ថា នៅយប់ថ្ងៃទី៥ខែមករាឆ្នាំ២០២៤នេះ ចែនី បានប្រើប្រាស់រថយន្តកូរ៉េ៥តោនកន្លះកែច្នៃដឹកធ្យូងពេញចេញទៅវៀណាមមួយជើងទៀតយ៉ាងសង្ហា ។ ប្រភពបន្ថែមថា កន្លងមកមេឈ្មួញឈ្មោះ ចែនី តែងតែដើរអួតក្អេងក្អាងថា សមត្ថកិច្ចតាមដងផ្លូវនេះមិនហ៊ានបង្ក្រាបឡានដឹកធ្យូងរបស់គាត់ឡើយ ព្រោះគាត់មានមន្ត្រីជាន់ខ្ពស់ម្នាក់ប្រចាំការនៅតំបន់នោះចាំកាងពីក្រោយ ដូច្នេះហើយទើបគាត់អាចដឹកជញ្ជូនទាំងថ្ងៃមិនខ្លាចបែបនេះបាន ។ តើអ្នកមុខអ្នកការដែលប្រចាំការចាំកាងពីក្រោយនៅតំបន់នោះជាអ្នកណាទៅហ្ន៍ ?

ទោះជាយ៉ាងណាប្រជាពលរដ្ឋនៅមូលដ្ឋាននោះ បានស្នើសុំដល់មន្ត្រីសមត្ថកិច្ចទាំងបី ស្ថាប័ន្ថ ទី1 រដ្ឋបាលព្រៃឈើ,ទី2 កងរាជអាវុធហត្ថ(PM) និងទី3នគរបាលប្រយុទ្ធប្រឆាំងបទល្មើសសេដ្ឋកិច្វឆ្លងដែន មេត្តាជ្រាប និង គួរចាប់បង្ក្រាបសកម្មភាពល្មើសច្បាប់នេះផងទាន សូមកុំនាំគ្នាសម្ងំស្ងៀមធ្វើមិនដឹងមិនឮតទៅទៀត បើពុំដូច្នោះទេព្រៃឈើនៅកម្ពុជានឹងរងនូវក្តីវិនាសហិនហោចដោយសារតែក្រុមឈ្មួញខិលខូចទាំងនោះជាក់ជាមិនខាន ៕