ចុមកណ្ដុំឆែប ! ទៅថតវង់ល្បែងរាយការណ៍ជូនលោក ឈឿន សុចិត្ត មិនទាន់មកដល់ផ្ទះផង ស្រាប់តែលោកស្នងការចេញលិខិតព្រមានចាត់វិធានការណ៍ផ្លូវច្បាប់ទៅវិញឆ្កុយ

សន្តិសុខសង្គម


ពិតជាហួសចិត្តចំពោះលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលខ្លាំងណាស់ ខណៈដែលអង្គភាពយើងបានចុះផ្សាយអំពីការបណ្ដែតបណ្ដោយឲ្យជនជាតិខ្មែរចូលលេងល្បែងជល់មាន់ និង ល្បែងផ្សេងៗក្នុងកាស៊ីណូក្រោមដែនសមត្ថកិច្ចរបស់ខ្លួន លោកស្នងការមិនត្រឹមតែមិនចេញទប់ស្កាត់ឬបង្ក្រាបទេ តែបែរជាចេញលិខិតព្រមាន ចាត់ការតាមផ្លូវច្បាប់ចំពោះអង្គភាពសារព័ត៌មានដែលហ៊ាននិយាយការពិតទៅវិញឆ្កឺត ។
យើងខ្ញុំពិតជាមានការភិតភ័យជាពន់ពេកនៅពេលទទួលបានដំណឹងថា លោកស្នងការនឹងចាត់វិធានការណ៍ផ្លូវច្បាប់ចំពោះការចុះផ្សាយកាលពីថ្ងៃទី២៣ខែធ្នូឆ្នាំ២០២៣ ក្រោមចំណងជើងថា« វង់ល្បែងស៊ីសងនៅស្រុកស្អាង ស្រុកកោះធំ និង ក្រុងសំពៅពូន គេលេងយ៉ាងគគ្រឹគគ្រេង តែលោក ឈឿន សុចិត្ត ហាក់នៅសម្ងំស្ងៀមមិនឃើញឲ្យកូនចៅបង្រ្កាបឡើយ តើមានហេតុអ្វីទៅ ទាន ?» ដែលថា យករូបចាស់ជាយូរឆ្នាំមកប្រើប្រាស់ ។
ក្រុមការងារព័ត៌មានយើងខ្ញុំសូមលំអោនកាយគោរពជម្រាបលោកស្នងការខេត្តកណ្ដាលឲ្យបានជ្រាបថា យើងខ្ញុំគឺជាក្រុមព័ត៌មានអាជីពដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន តែងតែអនុវត្តតាមគោលការណ៍ណែនាំពីរាជរដ្ឋាភិបាល គោរពតាមរបបសារព័ត៌មាននៃព្រះរាជាណាចក្រមក្ពុជា ដូច្នេះរាល់ការផ្សាយទាំងឡាយទោះបីពួកយើងគ្មានប្រាក់ខែពីរដ្ឋដូចអស់លោក ប៉ុន្តែពួកយើងខ្ញុំបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និង ធនធានផ្ទាល់ខ្លួនជាច្រើន ចុះដល់មូលដ្ឋានព្យាយាមផ្តិតយករូបភាពដែលថ្មី និង ពិតដើម្បីបង្ហាញសាធារណៈជនបានជ្រាប ពោលគឺមិនព្យាយាម ប្រឌិតរឿង កែកាឡៃព័ត៌មានដើម្បីបន្លំភ្នែកដណ្ដើមយកប្រជាប្រិយភាពពីមហាជន ដូចក្រុមជនខិលខូចមួយចំនួនដែលចេះលត់ក្រាប ចេះសរសើរលើកជើង និង ចេះបិទបាំងអំពើអាក្រក់, អំពើល្មើសច្បាប់របស់ខ្លួន ហើយព្យាមយាមលាមព៌ណទម្លាក់កំហុសឲ្យអ្នកដទៃនោះឡើយ ។ ព័ត៌មានដែលអង្គភាពយើងខ្ញុំបានចុះផ្សាយនោះ គឺគ្រាន់តែមានចេតនាចង់ឲ្យអស់លោកជាសមត្ថកិច្ចស៊ីប្រាក់ខែរដ្ឋបានជ្រាបនិងចុះទប់ស្កាត់ឬបង្ក្រាបតាមវិជ្ជាជីវៈ ដើម្បីប្រយោជន៍សាធារណៈតែប៉ុណ្ណោះ ។ តើការផ្សាយដូចជាជូនដំណឹងឬដាស់តឿនមន្ត្រីដែលស៊ីប្រាក់ខែរដ្ឋឲ្យភ្ញាក់ពីដំណេកសោះ ហេតុអីត្រូវទទួលរងការចាត់វិធានការណ៍ទៅវិញ ?។ តើកាស៊ីណូកាឡាក់ស៊ី ១៦៨ ដែលមានជនជាតិខ្មែរចូលលេងយ៉ាងពពាក់ពពូនសឹងតែ១០០ភាគរយ ដែលយើងបានឃើញផ្ទាល់ភ្នែក ហើយបានថតផ្ទាល់ដៃ ហេតុអីលោកស្នងការនៅតែព្យាយាមបដិសេធ លាក់បាំងមហាជនថា ជារូបភាពចាស់បែបនេះ ? ការនិយាយតាមការមើលឃើញនិងតាមទិដ្ឋភាពជាក់ស្តែង,មិនបានសរសើរលើកជើង ត្រូវតែមានកំហុស ឬត្រូវតែទទួលការពិន័យ និង រងការចាត់វិធានការណ៍ផ្លូវច្បាប់ឬ ? ។
ដើម្បីបញ្ជាក់ថា អង្គភាពយើងខ្ញុំប្រើប្រាស់រូបភាពចាស់ ឬ យ៉ាងណានោះ អង្គភាពសារព័ត៌មាន ជីវិត និង កីឡា សូមគោរពអញ្ជើញលោកឧត្តមសេនីយទោ ឈឿន សុចិត្ត បើកចក្ខុមើលវីដេអូក្នុងព័ត៌មាននេះ តើជារូបភាពចាស់ឬរូបថ្មី ? ខណៈដែលរូបនេះក្រុមការងារយើងបានចុះថតផ្ទាល់នៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៣នេះ ក្នុងពេលដែលក្រុមការងារយើងចុះទៅពិនិត្យក្រោយការចុះផ្សាយ ដោយនឹកស្មានថា លោកស្នងការបង្ក្រាបអស់ទៅហើយដើម្បីស្រង់យករូបភាពនៃការបង្ក្រាបនោះ ប៉ុន្តែផ្ទុយទៅវិញយើងខកចិត្តខ្លាំងណាស់ ព្រោះពេលដែលទៅដល់ឃើញគេលងកាន់តែច្រើន ព្រមទាំងបានសម្ភោធកាស៊ីណូជល់មាន់ថ្មីមួយកន្លែងបន្ថែមទៀត ។ ឥឡូវយើងខ្ញុំក៏សូមគោរពអញ្ជើញលោកស្នងការដ៏ខ្ពង់ខ្ពស់មេត្តាតាមដានទស្សនាវីដេអូឡាយចេញពីកាស៊ីណូដែលទើបនឹងបើកថ្មីនៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៣នេះឈ្មោះ ហ្ក្រេនដ្រាហ្កន ។
( វីដេអូឡាយ )
សូមលោកស្នងការមេត្តាបញ្ជាក់ប្រាប់អង្គភាពយើងវិញផងថា អ្នកអត្ថាធិប្បាយក្នុងវីដេអូនេះតើគេនិយាយជាភាសារបទេសឬខ្មែរ ឯអ្នកកាន់មាន់ជាជនបរទេសទាំងអស់ឬ ? តើកម្លាំងរបស់លោកបានចុះដល់ទីតាំងដូចអ្នកសារព័ត៌មានដែរឬទេ ?
ក្រោយពីបានវិភាគពិចារណាគ្រប់ជ្រុងជ្រោយរួចមកអង្គភាពយើងខ្ញុំហាក់ដូចជាបានធូរស្បើយ លែងមានការភិតភ័យវិញ ។
តើការចុះផ្សាយដើម្បីផលប្រយោជន៍សង្គម ប្រយោជន៍សាធារណៈ មានកំហុសដែរទេ ?
សារពត៌មាន ជីវិត និង កីឡា មិនបានគេចចេញពីការទទួលខុសត្រូវចំពោះការចុះផ្សាយនោះទេ ប៉ុន្តែថែមទាំងបានទន្ទឹងរង់ចាំលិខិតផ្លូវការឬចំណាត់ការផ្លូវច្បាប់ណាមួយគ្រប់ពេលវេលាថែមទៀតផង ។ ម៉្យាងវិញទៀតប្រសិនបើអស់លោកភ្ញាក់ពីដំណេកហើយបានទៅទប់ស្កាត់ និង បង្ក្រាបនោះ ជីវិត និង កីឡា ជួយត្រេកអរ និងកោតសរសើរព្រមទាំងចុះផ្សាយដើម្បីឲ្យលោកស្នងការបានរីកមុខមាត់ដូចករណីលោក ឈឿន សុចិត្ត បញ្ចេញសាច់ដុំជាមួយអ្នកបោះតង់តាមព្រំដែន កាលពីលោកទើបឡើងជាស្នងការថ្មីៗថែមទៀតផង ។
បន្ថែមពីលើនេះអង្គភាពយើងខ្ញុំ ,អ្នកតាមដានព័ត៌មាន និង ប្រជាពលរដ្ឋនឹងរាយការណ៍ជូនលោកស្នងការជាបន្តបន្ទាប់ ដោយសង្ឃឹមថា លោកស្នងការនឹងខិតខំវែករកមុខមេបនល្បែង ហើយបិទឲ្យអស់ ដូចដែលលោកប្រកាសឲ្យក្រសួងមានសមត្ថកិច្ចវែករកមុខម្ចាស់គេហទំព័រ និង ស្នើសុំឲ្យក្រសួងដកអាជ្ញាប័ណ្ណសារព័ត៌មាននោះដែរជាមិនខាន ។ ជាមួយគ្នានេះអង្គភាពយើងក៏ស្នើសុំឲ្យក្រសួងមហាផ្ទៃមេត្តាពិនិត្យលើលោកស្នងការម្នាក់នេះផង ខណៈដែលសារព័ត៌មានចុះផ្សាយរឿងពិតក្នុងមូលដ្ឋានលោកមិនព្រមចុះទប់ស្កាត់ឬ បង្ក្រាប បែរជាខំប្រឹងងាកមកចាត់វិធានការណ៍ផ្លូវច្បាប់ចំពោះអ្នកាសែតដែលហ៊ាននិយាយទៅវិញ ៕