វង់ល្បែងស៊ីសងនៅស្រុកស្អាង ស្រុកកោះធំ និង ក្រុងសំពៅពូន គេលេងយ៉ាងគគ្រឹគគ្រេង តែលោក ឈឿន សចិត្ត ហាក់នៅសម្ងំស្ងៀមមិនឃើញឲ្យកូនចៅបង្រ្កាបឡើយ តើមានហេតុអ្វីទៅ ទាន ?

ព័ត៌មានជាតិ

ផ្សាយចេញពីរាជធានីភ្នំពេញា ខេត្តកណ្តាល ÷ តាមគោលការណ៍របស់រាជរដ្ឋាភិបាលបានកំណត់ឲ្យល្បែងស៊ីសងគ្រប់ប្រភេទគឺអាចបើកលេងបានតែនៅក្នុងកាស៊ីណូដែលនៅឆ្ងាយពីរាជធានីរាប់រយគីឡូម៉ែត្រប៉ុណ្ណោះ ដើម្បីរកចំណូលជូនរដ្ឋមែន តែរាជរដ្ឋាភិបាលក៏មានលក្ខខណ្ឌកំណត់ ឬ បទបញ្ញត្តិមួយចំនួនសម្រាប់ឲ្យម្ចាស់កាស៊ីណូក៏ដូចជាអ្នកចូលទៅលេងកំសាន្តអនុវត្តតាមផងដែរ ដូចជាគេតម្រូវឱ្យតែបរទេសចូលកម្សាន្តប៉ុណ្ណោះ រីឯប្រជាពលរដ្ឋខ្មែរមិនត្រូវបានអនុញ្ញាតឲ្យចូលលេងឡើយ ។
ផ្ទុយទៅវិញកាស៊ីណូជាច្រើនទៅតាមជាយដែនកម្ពុជា-វៀតណាម ពិសេសកាស៊ីណូជ្រៃធំ ខេត្តកណ្ដាល គេសង្កតឃើញថា ហាក់មិនសូវមានជនជាតិបរទេស និង ប្រជាជនជាតិវៀតណាមចូលលេងច្រើននោះទេ គឺភាគច្រើជនជាតិខ្មែរចូលលេងតែម្ដង ដែលជាក្តីបារម្ភមួយសម្រាប់ប្រជាពលរដ្ឋយើងត្រូវប្រឈមនឹងភាពវិនាសហិនហោច អន្តរាយទ្រព្យសម្បត្តិ ឬ ក៏អាចរងនូវអំពើហឹង្សាដោយសារកាស៊ីណូ ។ ក្រៅពីមានបើកឲ្យលេងល្បែងក្នុងកាស៊ីណូស្របច្បាប់ គេក៏ឃើញនៅតាមភូមិ ឃុំ ស្រុក មួយចំនួនក្នុងខេត្តកណ្តាល ជាពិសេសឃុំស្រុកនៅជាប់ព្រំដែនវៀតណាមដូចជានៅស្រុកស្អាង ស្រុកកោះធំ និង ក្រុងសំពៅពូនជាដើម គឺកំពុងបើកលេងល្បែងស៊ីសងច្រើនប្រភេទមិនស្របច្បាប់ ទាំងលេងផ្ទាល់ និង លេងតាមប្រព័ន្ធ Online ដូចជាមាន់ជល់ ហ្គេមបាញ់ត្រី ឡូតូ បៀ អាប៉ោង យូគី ជាដើម មិនចាញ់កាស៊ីណូឡើយ ពោលគឺគេលងនៅតាមផ្ទះ តាមហាងកាហ្វេនានា ជាពិសេសសង្វៀន Mega Galaxy 168 តែម្តងធ្វើឲ្យក្រុមអ្នកបើកល្បែងស៊ីសងមិនស្របច្បាប់ទាំងនោះកំពុងត្រូវប៉ាន់ សប្បាយកើបលុយពីអ្នកញៀនល្បែង ទាំងជនជាតិខ្មែរ និង ជនជាតិវៀតណាមមិនស្ទើរឡើយ ។
តើករណីនេះមន្ត្រីជំនាញនិងសមត្ថកិច្ចទៅណាអស់ ទើបមើលមិនឃើញបែបនេះ ? តើលោក ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាលដែលល្បីថា ជាមេប៉ូលិសដ៏មានឥទ្ធិពលបានជ្រាបដែរឬទេ ? បើជ្រាបហើយគួរមានចំណាត់ការដែរឬទេ ? ឬមួយទុកឲ្យល្បែងស៊ីសងកើតមានពេញភូមិស្រុកគ្រាន់ចិញ្ចឹមឆ្នាំងបាយអស់លោក ? ហេតុអ្វីមិនខ្វល់នឹងគោលការណ៍ស្ដីពីភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលបែបនេះ ?
ប្រភពពីស្រ្តីមេផ្ទះមួយចំនួនបានត្អូញត្អែរប្រាប់អង្គភាពយើងថា បច្ចុប្បន្ននេះសេដ្ឋកិច្ចកំពុងធ្លាក់ចុះ រាល់ថ្ងៃរកអីមិនបានទេ ម្នាក់ៗជំពាក់លុយធនាគារវ័ន្តក ពឹងលើប្តី ពឹងលើកូន ចុះបើពួកគាត់គិតតែដើរលេងល្បែងព្រលឹមបាត់ ព្រលប់ចូល មិនព្រមចេញរកស៊ីអ្វីក្រៅពីទៅលេងល្បែងចាញ់អស់ម៉ូតូឡាន ពេលត្រឡប់មកវិញឆ្លៀត រករឿងអ្នកផ្ទះទៀត នោះ តើឲ្យគាត់រំពឹងអ្នកណា ?។
គាត់បន្តថា កាលពីសម្តេចតេជោនៅជានាយករដ្ឋមន្រី្តសម្តេចគឺលោកតែងតែស្រែកឲ្យបិតល្បែងស៊ីសងគ្រប់ប្រភេទ ប្រជាពលរដ្ឋខំតែអរ ព្រោះឃើញថា ស្រែកភ្លាមបិទមែន ។ តែមានអីបិទបានតែមួយរយៈខ្លី ក៏បើកវិញលើសដើម មិនដឹងថា រឿងអីមន្ត្រីៗទាំងអស់ហ្នឹងមិនយកចិត្តទុកដាក់នឹងប្រសាសន៍សម្ដេចតេជោបន្តិចសោះ គិតតែពីប្រយោជន៍ខ្លួនតែម្តង ។
ដោយឡែកនៅក្នុងកាស៊ីណូជ្រៃធំ ក្រៅពីបើកល្បែងផ្សេងៗ គេក៏បានឃើញមានបើកសង្វៀនជល់មាន់មួយកន្លែងឈ្មោះ Galaxy 168 ឲ្យពលរដ្ឋខ្មែរលេងយ៉ាងពពាក់ពពូនក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំក៏មិនធម្មតាដែរ ដែលជាសក្ខីកម្មបញ្ជាក់ថា សង្វៀនខាងលើនេះកំពុងតែអនុវត្តន៍ផ្ទុយពីច្បាប់ដែលបានកំណត់តាមមាត្រា ៦៨ ស្តីពីការរឹតត្បិត ការហាមឃាត់ដាច់ខាតមិនឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងខុសច្បាប់នោះហើយ ។ ផ្ទុយទៅវិញជារៀងរាល់ថ្ងៃ ម្ចាស់សង្វៀន Galaxy 168 មួយកន្លែងនេះកំពុងសប្បាយកើបលុយពីជនជាតិវៀតណាម និង ជនជាតិខ្មែរនេះតែម្ដង ថែមទាំងមានប្រូមូសិនផ្សេងៗ ដើម្បីទាក់ទាញឲ្យជនជាតិខ្មែរពីគ្រប់ទិសទីឲ្យចូលមកលេងក្នុងទីតាំងរបស់ខ្លួនទៀតផង ។
ប្រភពពីសន្តិសុខម្នាក់បានលួចខ្សឹបប្រាប់មកអង្គភាពយើងក្នុងលក្ខ័ណ្ឌសុំមិនបញ្ចេញឈ្មោះថាៈ ក្នុងកាស៊ីណូនេះមានល្បែងច្រើនប្រភេទណាស់ តែអ្វីដែលគាត់ស្គាល់ច្បាស់ជាងគេនោះគឺ ល្បែងមាន់ជល់ អាប៉ោង ល្បែងតៃស៊ីវ ល្បែងបាក្រាត និងហ្គេមបាញ់ត្រី ជាដើម ខណៈដែលល្បែងពេញនិយមជាងគេនោះគឺ ល្បែងជល់មាន់លើដីផ្ទាល់តែម្តង ។ គាត់ថា ជារៀងរាល់ថ្ងៃគឺមានប្រជាពលរដ្ឋខ្មែរ ចូលមកលេងល្បែងស៊ីសងក្នុងកាស៊ីណូមួយនេះយ៉ាងច្រើនពិតមែន តែមិនដឹងទេថា ជាមន្ត្រីរាជការ ឬ ពលរដ្ឋធម្មតាទេ គ្រាន់តែដឹងថា ជនជាតិខ្មែរចូលលេងច្រើនជាងជនជាតិវៀតណាមតែប៉ុណ្ណោះ ។

ជុំវិញនឹងការត្អូញត្អែរពីបងប្អូនប្រជាពលរដ្ឋ និង ប្រភពខាងលើនេះទាំងលោក ឈឿន សុចិត្ត ស្នងការ ទាំងលោក ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្តាល គឺ ជីវិត និង កីឡា មិនអាចសុំការបំភ្លឺបានទេ ដោយនៅរសៀលថ្ងៃទី២២ខែធ្នូឆ្នាំ២០២៣នេះទូរស័ព្ទរបស់លោកទាំង២ហៅចូល២ដងដូចគ្នា តែគ្មានអ្នកទទួលឡើយ ខណៈដែលកន្លងមកលោក ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលធ្លាប់បានប្រាប់អ្នកសារព័ត៌មានយើងយ៉ាងខ្លីតាមរយៈទូរស័ព្ទថា ក្នុងសង្វៀន Galaxy 168 បើមានខ្មែរចូលលេងមែន សូមថតរូបឲ្យលោកបានឃើញ គឺលោកនឹងចាត់ការភ្លាម ។ និយាយបានតែប៉ុណ្ណេះលោកបិទទូរស័ព្ទទៅ ។ បន្ទាប់ពីបិទទូរស័ព្ទឈប់និយាយ អ្នកសារព័ត៌មានក៏បានផ្ញើសំណួរ និង រូបភាពដែលពាក់ព័ន្ធ នឹងការលេងល្បែង ស៊ីសងតាមប្រព័ន្ធ Online និង សង្វៀន ដែលបើកឲ្យជនជាតិខ្មែរចូលលេងជូនលោកស្នងការតាមតេឡេក្រាម គឺឃើញតែលោកមើលហើយមិនតបអ្វីទាំងអស់ ។
ទង្វើនេះតើលោកស្នងការដឹងដែរតែអសមត្ថភាពដើម្បីធ្វើចំណាត់ការតាមច្បាប់មែនទេ ? តើទាល់តែប្រមុខរាជរដ្ឋាភិបាលចេញសេចក្តីប្រកាសម្តងទៀតទើប អស់លោកមានចំណាត់ការមែនទេ ? បើតែយ៉ាងៗនេះ តើឯណាទៅភូមិឃុំមានសុវត្ថិភាពណា ?
ប្រភពពីមន្ត្រីក្រុងសំពៅពូនម្នាក់សុំមិនបញ្ចេញឈ្មោះបានលួចបង្ហើបឲ្យដឹងថា នៅថ្ងៃអាទិត្យទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ នឹងមានការបើកសម្ភោធទីតាំងក្លឹបល្បែងថ្មីមួយកន្លែងទៀតជ្រកក្រោមស្លាកកាស៊ីណូឈ្មោះ << ហ្គ្រេនដ្រាហ្គន >> របស់អ្នកធំមួយរូបផ្សេងទៀត មានឋានៈជាស្នងការ ដែលជាមុខរបរថ្មីអាចរកប្រាក់ចំណេញរាប់ម៉ឺនដុល្លាក្នុងមួយខែៗ ។ ប្រភពបញ្ជាក់ថា បុគ្គលជាស្នងការញៀនល្បែងស៊ីសងដុះស្លែរូបនោះ មានការមានះយ៉ាងខ្លាំង បើទោះបីក្រុមគ្រួសារគាត់ ក៏ដូចជាសាច់ញាតិអង្វរ ឬ រារាំងយ៉ាងណាក៏លោកស្នងការរូបនោះ មិនអាចដកថយបានដែរ គឺគាត់នៅតែជំនះជម្រុញលើវិស័យអំពើអបាយមុខល្បែងស៊ីសងមួយនេះឲ្យខាងតែបាន ។
ដូច្នេះសូមប្រិយមិត្តដែលចូលចិត្តវិស័យ អបាយមុខ មាន់ជល់ អាប៉ោង តៃស៊ីវ បៀរ និង ហ្កេមអនឡាញគ្រប់ប្រភេទ មេត្តារង់ចាំអញ្ជើញចូលរួមលើកមុខ លើកមាត់លោកស្នងការ និង ជាការលើតម្កើងវិស័យល្បែងស៊ីសងដ៏មានប្រជាប្រិយភាពនៅក្នុងឱកាសនោះកុំបីខាន ។
សូមបញ្ចាក់ថា រាល់ការចេញផ្សាយរបស់អង្គភាពយើង មិនមានចេតនា បង្កាច់បង្ខូច កិត្តិយស ឬ សេចក្តីថ្លៃថ្នូររបស់បុគ្គល ឬស្ថាប័ណ្ណណាឡើយ គ្រាន់តែរិះគន់ កែលំអដើម្បីស្ថាបនាតែប៉ុណ្ណោះ ពោលគឺគ្រាន់តែជាកញ្ចក់ឆ្លុះសង្គម ឬ ជាអ្នកនាំសារពីប្រជាពលរដ្ឋទៅដល់ថ្នាក់ដឹក និង ពីថ្នាក់ដឹកនាំមកមូលដ្ឋានតែប៉ុណ្ណោះ ។ ប្រសិនបើបុគ្គល ឬ ស្ថាប័ន ពាក់ព័ន្ធណាមិនអស់ចិត្ត ចង់បកស្រាយបំភ្លឺ គឺអង្គភាពយើងនឹងទុកវេទិការជូនគ្រប់ម៉ោងធ្វើការ ៕