ពលរដ្ឋសួរថា ! មន្រី្តបរិស្ថានខេត្តកំពតសំអាងលើអ្វី បានជាហ៊ានចូលទៅវាស់វែងដីពួកគាត់យកឆៅៗ ឲ្យទៅអ្នកមានលុយវិនិយោគជាតំបន់ទេសចរណ៍ធម្មជាតិ

ព័ត៌មានជាតិ

ផ្សាយចេញពីរាជធានីភ្នំពេញ ខេត្តកំពត ÷ ប្រជាពលរដ្ឋរស់នៅក្នុង ភូមិអណ្ដូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានមន្ត្រីបរិស្ថានមួយក្រុមលួចចុះទៅវាស់វែងបោះបង្គោលព្រំលើដីរបស់ពួកគាត់ដែលបានកាន់កាប់យូរឆ្នាំ រហូតអ្នកខ្លះមានប្លង់ត្រឹមត្រូវ ក្នុងបំណងប្រគល់ឲ្យអ្នកដទៃដែលមានទ្រព្យ មានអំណាច មានបក្សពួកនៅខេត្តកំពត ដោយយកឡេះថា ជាការវិនិយោគតំបន់ទេសចរណ៍ធម្មជាតិខ្នាតតូច លើផ្ទៃដីទំហំ៦៤ហិកតានៅខាងជើងវត្តវាលពួច ស្ថិតក្នុងភូមិអូរតូច ឃសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ដែលដីនោះជាដីកម្មសិទ្ធិរបស់ពួកគាត់បានអាស្រ័យផលជាក់ស្ដែងយូរឆ្នាំមកហើយ ។
ប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា ការពិតដីនៅក្នុងតំបន់នេះ បើយោងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ៤៣៧.ស.ជ.ណ.ដប ចុះថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០២២ ចុះហត្ថលេខានិងបោះត្រាដោយរដ្ឋលេខាធិការលោក កែន សត្ថា និង លិខិតរបស់ក្រសួងបរិស្ថានលេខ ១៤៣៤ ស.ជ.ណ ប.ស្ថចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ចុះហត្ថលេខា និងបោះត្រាដោយលោក សូ ខនឬទ្ធីគុណ បានតម្រូវឲ្យកាត់ឆ្វៀលចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋរួចទៅហើយ ប៉ុន្តែមិនដឹងរឿងអី អាជ្ញាធរជំនាញមិនព្រមអនុវត្តតាមសោះ គឺបានអូសបន្លាយពេលទុកយ៉ាងយូរ ទំនងជាលេសដើម្បីងាយស្រួលពួកគេមានគំនិតទុច្ចរឹត បែងចែកឲ្យអ្នកមានលុយ មានទ្រព្យ មានអំណាចយកទៅឆៅៗតែម្តង ដោយគ្របលើដីចំការប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងគំនូសផែនទីចំនួន៨ប្លង់ ក្នុងមួយប្លង់មានទំហំ៨ហិកតា ។ នេះគ្រាន់តែជាតំបន់ទីមួយប៉ុណ្ណោះ ក្នុងចំណោមតំបន់ផ្សេងៗទៀតជាច្រើនទៀត ។
ប្រភពពីខេត្តកំពតបានឲ្យដឹងថា មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋដឹងរឿងនេះ ហើយនាំគ្នាប្រតិកម្មនោះគឺដោយសារនៅពេលថ្មីៗនេះ មានបែកធ្លាយសារសម្លេងសួរនាំគ្នារបស់មន្ត្រីបរិស្ថាន និង របាយការណ៍របស់លោក រស់ បូរី រាយការណ៍ទៅថ្នាក់លើ ពាក់ព័ន្ធនឹងការស្នើសុំធ្វើការវិនិយោគតំបន់ទេសចរណ៍ធម្មជាតិខ្នាតតូច លើផ្ទៃដីទំហំ៦៤ហិកតានោះ ទើបប្រជាពលរដ្ឋដាក់ការសង្ស័យថា អាជ្ញាធរ និង មន្ត្រីនៃមន្ទីរបរិស្ថានឃុបឃិតជាមួយអ្នកមានលុយ មានអំណាចនៅក្នុងខេត្តកំពត មករំលោភយកដីប្រជាពលរដ្ឋដែលកំពុងអាស្រ័យផល ព្រមទាំងចាត់កម្លាំងបរិស្ថានលួចទៅវាស់វែងបោះ បង្គោលយកទាំងស្រស់ៗដោយគ្មានការជូនដំណឹងឲ្យប្រជាពលរដ្ឋឲ្យបានដឹងជាមុនឡើយ ។
ដោយសារមានភាពមិនប្រក្រតីនេះនៅថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២៣ លោក ផៃ សារុំ រស់នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត បាននិយាយរៀបរាប់ថា÷មិនដឹងក្រុមខាងណាទេ បានមកលួចបោះបង្គោលគ្របលើដីចំការរបស់ខ្ញុំ និងរាយព័ទ្ធជុំវិញអស់តែម្ដង
ក្នុងករណីនេះដែរ បើតាមការចង្អុលប្រាប់ពីកម្មករដែលនៅយាមចំការ បានប្រាប់ថា មានមន្ត្រីបរិស្ថានម្នាក់បានមកបាញ់ថ្នាំក្រហម រួចជីករណ្តៅចាក់បេតុងជាក្រោយ ។ ប៉ុន្មានថ្ងៃក្រោយមកឃើញកម្មករស៊ីឈ្នួលដាំបង្គោលនិងកាប់ឆ្ការព្រៃជាច្រើននាក់បានចូលទៅក្នុងដីដែលមន្ត្រីបរិស្ថានបាញ់ថ្នាំក្នុងគោលបំណងចាក់គ្រឹះដាំបង្គោលថ្ម តែត្រូវប្រជាពលរដ្ឋរារាំងមិនឱ្យដាំបង្គោលបានទេ ។

ពាក់ព័ន្ធនឹងករណីនេះលោក គង់ សុផុន ចៅសង្កាត់អណ្ដូងខ្មែរ បានប្រាប់ ជីវិត និង កីឡា នៅរសៀលថ្ងៃទី២១ខែធ្នូឆ្នាំ២០២៣ថា ការបោះបង្គោលនេះគឺគេធ្វើតាមការស្នើសុំពីថ្នាក់លើដើម្បីវិនិយោគលើដីរដ្ឋ ។ ហើយក៏បានជូនដំណឹងទៅប្រជាពលរដ្ឋរួចហើយដែរ ។ បើចង់ដឹងច្បាស់សុំសួរទៅមន្ត្រីបរិស្ថានទៅ ។

បើយោងតាមរបាយការណ៍របស់លោក រស់ បុរី មន្ត្រីបរិស្ថានដែលបានរាយការណ៍ជូនលោកប្រធានការិយាល័យឧទ្យានជាតិនៅថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៣ ថា ក្រុមការងារបានបន្តបោះបង្គោលព្រំនៃគម្រោងវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន៨គម្រោង នៅចំណុចខាងលើអូរតូច ស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ។ ជាលទ្ធផលក្រុមការងារបោះបង្គោលព្រំបន្ថែមបានចំនួន៤ដើម បង្គោលព្រំបោះរួចមានចំនួន៣១ដើម រួមមានបង្គោលមេចំនួន១២ដើម និង បង្គោលរងចំនួន១៩ដើម ។ អាស្រ័យដូចបានគោរពរាយការណ៍ជូនខាងលើ សូមលោកប្រធានការិយាល័យមេត្តាជ្រាបដោយក្ដីគោរពពីខ្ញុំ ។
ពាក់ព័ន្ធនឹងករណីនេះ ជីវិត និង កីឡា មិនអាចសុំការបំភ្លឺពីលោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត និង លោក រស់ បុរី ជាមន្ត្រីបរិស្ថានដែលរៀបចំរបាយរណ៍នោះបានទេ ដោយនៅរសៀលថ្ងៃទ២១ខែធ្នូឆ្នាំ២០២៣ទូរស័ព្ទរបស់លោកទាំង២ហៅចូលជាច្រើនដងគ្មានអ្នកទទួលដូចគ្នា ។
ប៉ុន្តែបើតាមផែនទីដែលយើងមានក្នុងដៃបានបង្ហាញថា ទីតាំងដីដែលមន្រ្តីបរិស្ថានដើរបោះបង្គោលនោះមានចំនួន ៨ក្បាលដី ដែលកាន់កាប់ដោយមនុស្ស៥នាក់គឺទី1- ក្បាលដីលេខ ១២៩៦ របស់ឈ្មោះ ស គីណាល់ ។ ទី2 ក្បាលដីលេខ ១២៩៧ របស់ឈ្មោះ អ៊ុត ប៊ុនថា ។ ទី៣ ក្បាលដីលេខ១២៩៩ របស់ឈ្មោះ ស្រូ ណារីយ៉ា ។ ទី៤ ក្បាលដីលេខ១២៩៨ របស់ឈ្មោះ ហាត់ វ៉ាន់ឈឿម ។ ទី៥ ក្បាលដីលេខ១២៩៥ ។ ទី៦ក្បាលដីលេខ ២១៧៥ ។ ទី៧ក្បាលដីលេខ២១៧៦ និង ទី៨ក្បាលដីលេខ ១២៩៤ ជារបស់លោក តេង សេរី ។

ទោះជាយ៉ាងណាមជ្ឈដ្ឋានទូទៅនៅតែមានចម្ងល់ថា បើរដ្ឋត្រូវការយកដីទីតាំងនោះទៅធ្វើការអភិវឌ្ឍន៍ជាដំបន់ទេសចរណ៍ខ្នាតតូចដូចរបាយការណ៍របស់លោក រស់ បូរី មែន ហេតុអ្វីមិនបានជូនដំណឹងឲ្យប្រជាពលរដ្ឋបានដឹងមុន ? ម៉េចក៏មិនបង្ហាញគំនូសប្លង់មេអភិវឌ្ឍឲ្យដឹងថា ដីទំហំប៉ុន្មានជាក់ស្តែងដែលគេត្រូវការអភិវឌ្ឍន៍ ? ចំណែក ស.ជ.ណ របស់មន្ទីរ ឬ ក្រសួង ឬទីស្ដីការគណៈរដ្ឋមន្ត្រីនៅឯណា ? ។ ដោយហេតុនេះហើយទើបប្រជាពលរដ្ឋដាក់ការសង្ស័យថា មន្ត្រីបរិស្ថានឃុបឃិតគ្នាយកដីប្រជាពលរដ្ឋលក់ឲ្យបុគ្គលមានលុយ មានអំណាចចែកលុយគ្នាបែបនេះ ហើយពួកគាត់បានសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ ពិសេសសម្ដេចប្រមុខរាជរដ្ឋាភិបាលមេត្តាចាត់មន្ត្រីជំនាញឲ្យចុះមកជួយពិនិត្យនិងដោះស្រាយរកយុត្តិធ៌មជូនពួកគាត់ផង ៕

https://fb.watch/p6fIODCd-v/