ល្បែងស៊ីសងស្ទើរគ្រប់ប្រភេទបើកលេងនៅខេត្តត្បូងឃ្មុំយ៉ាងត្រជាក់ប្រមាត់ ហេតុអី្វអាជ្ញាធរនិងសមត្ថកិច្ចជំនាញមិនបង្ក្រាប?

ព័ត៌មានជាតិ


ផ្សាយចេញពីរាជធានីភ្នំពេញ÷
ខេត្តត្បូងឃ្មុំ÷ល្បែងស៊ីសងខុសច្បាប់តាមអនឡាញ៍ និងលេងផ្ទាល់ ដូចជាបៀ អាប៉ោង មាន់ជល់ យូគី ។ល។កំពុងបើកលេងយ៉ាងត្រជាក់ចិត្ត នៅក្នុងភូមិសាស្រ្ត ស្រុកចំនួន៣គឺស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មា និងស្រុកមេមត់ នៃអាណាចក្រខេត្តត្បូងឃ្មុំគ្មានសមត្ថកិច្ចណាអើពើចេញទប់ស្កាត់ ឬ បង្ក្រាប ហើយបើបានបង្ក្រាបវិញធ្វើម្ដងម្កាលគ្រាន់តែល្អមើលប៉ុណ្ណោះ ។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋប្រាប់ថា ល្បែងស៊ីសងទាំងនេះបើកលេងដូចជានៅចំណុច ឃុំ ម៉ង់រៀវ ឃុំជីគរ ភូមិគៀនចក ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ភូមិធ្លក សង្កាត់សួង ក្រុងសួង  ឃុំទ្រា ស្រុកក្រូចឆ្មា និងភូមិមេមត់ ឃុំមេមត់ត្រង់ចំណុចចំការសណ្តែក  ឃុំជាំ ស្រុកមេមត់ ជាដើម ។
អ្នកស្រុករាយការណ៍ឲ្យដឹងថា ទីតាំងខាងលើនេះពោរពេញទៅដោយល្បែងស៊ីសងគ្រប់ប្រភេទ ដូចជាក្នុងឃុំ ជីគរ និងឃុំម៉ង់រៀវ ស្រុកត្បូងឃ្មុំមានមនុស្សពពាក់ពពូននាំគ្នាលេងល្បែង មាន់ជល់ និងអាប៉ោង ដែលការបើកលេងរបស់គេនោះគឺហាក់គ្មានការក្រែងញញើតច្បាប់អីបន្តិចសោះឡើយ ។

ប្រភពពីអ្នកលេងល្បែងម្នាក់បានប្រាប់ ជីវិត និង កីឡាថា ម្ចាស់ទីតាំង ខាងលើនេះគឺជាកម្មសិទ្ធិរបស់លោក ហួត ហាន ដែលធ្លាប់មានរឿងអាស្រូវរហូតដល់ជាប់ពន្ធនាគារម្តងរួចមកហើយ ពាក់ព័ន្ធការបើកល្បែងស៊ីសងក្នុងភូមិសាស្រ្តត្រពាំងផ្លុង កាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំឆ្នា២០២៣ កន្លងទៅ ។ ចំណែកការបើកលេងល្បែងស៊ីសងក្នុងចំការចន្ទី នាទឹកដីឃុំ ជីគរ និង ឃុំម៉ង់រៀវវិញ មានក្រុមបក្សពួកជាច្រើននាក់ទៀតដែលបានចូលហ៊ុនជាមួយលោក ហួត ហាន ដោយក្នុងនោះមាន១.លោក ស៊ឹម ជាប្អូនប្រុសលោក ហួត ហាន ជាអ្នកមើលការខុស ត្រូវ ២.លោក ប្រុស អ្នកលេងផង ជាមេអាប៉ោងផង និង៣.ស្រ្តីឈ្មោះ នាង ជាកុងស៊ីទទួលបញ្ចាំ ឬចាំចងការលុយឲ្យក្រុមអ្នកញៀនល្បែង ។ ដោយឡែកនៅសង្កាត់សួង ក្រុងសួង  ឃុំទ្រា ស្រុកក្រូចឆ្មា ភូមិមេមត់ ឃុំមេមត់ ដូចជាចំណុចចំការសណ្តែក  ឃុំជាំ ស្រុកមេមត់ក៏មានសម្បុកល្បែងដុះស្លែផងដែរ តែមិនដឹងថាអាជ្ញាធរមានសមត្ថកិច្ចកំពុងជាប់ដៃរឿងអ្វីបានជាមិនចេញទៅបង្ក្រាបយ៉ាងនេះ ។

យ៉ាងណាពាក់ព័ន្ធនឹងការបើកល្បែងស៊ីសងនេះដែរ លោក ម៉ុន មាគា៌ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទនិងប្រព័ន្ធតេឡេក្រាមកាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នេះថា លោករីករាយណាស់ហ្នឹងសហការរាល់ការផ្តល់ព័ត៌មានពីអ្នកកាសែត ហើយកន្លងមកលោកក៏ធ្លាប់បានចុះបង្ក្រាបបាន ៣ ករណីរួចមកហើយដែរ ។  លោកស្នងការបានបន្ថែមទៀតថា៖ ទាក់ទងទៅហ្នឹងការបើកលេងល្បែងស៊ីសងក្នុងភូមិសាស្រ្តខាងលើនេះ លោកនឹងចាត់ចែងឲ្យកូនចៅចុះបង្រ្កាបដាច់ខាត ។
យ៉ាងណាមហាជនកំពុងរង់ចាំមើលថា តើលោក ម៉ុន មាគា៌ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំមានចំណាត់ការ យ៉ាងណាដែរចំពោះម្ចាស់ទីតាំងមានដូចជាលោក ហួត ហាន លោក ស៊ឹម លោក ប្រុស និង ស្ត្រីម្នាក់ឈ្មោះ នាង ដែលជាកុងស៊ីបញ្ចាំនិងចងការលុយ ក្នុងវង់ល្បែងខាងលើនោះ  ដោយវិធីណា? តើល្បែងស៊ីសងកើតមានស្ទើរគ្រប់ស្រុកនៅខេត្តត្បូងឃ្មុំហេតុអ្វីសមត្ថកិច្ចជំនាញស្ងាត់ម៉្លេះមិនព្រមរួសត្រគាកចេញទៅបង្ក្រាប? តើមានអ្វីជាអាថ៌កំបាំងនៅពីក្រោយខ្នងសមត្ថកិច្ចនិងអាជ្ញាធរដែនដី? បើបើកវង់ល្បែងស៊ីសងខុសច្បាប់លេងយ៉ាងគ្រឹកគគ្រេងយ៉ាង នេះតើភូមិឃុំមានសុវត្ថិភាពដែរឬទេ?