រកឃើញជនជាតិវៀតណាម ២៥៧នាក់ ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងប្រព្រឹត្តបទល្មេីសអន្តោប្រវេសន៍ខុសច្បាប់ ត្រូវបណ្តេញចេញពីកម្ពុជា

ព័ត៌មានជាតិ

 

ផ្សាយចេញពីរាជធានីភ្នំពេញ÷

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានសម្រេចបណ្តេញជនជាតិវៀតណាមចំនួន២៥៧នាក់ ក្នុងនោះស្រី៥៦នាក់ ឲ្យវិលត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីរកឃើញថា ពួកគេជាប់ពាក់ព័ន្ធបទល្មេីសឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងប្រព្រឹត្តបទល្មេីសអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា។
លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការអនុវត្តនីតិវិធីបណ្ដេញចេញជនជាតិវៀតណាមពីប្រទេសកម្ពុជា ចូលទៅកាន់ប្រទេសវៀតណាម ប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ។ នេះជាលទ្ធផលបង្ក្រាបរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមគោលការណ៍ណែនាំរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយការបណ្ដេញចេញនេះ ធ្វើឡើងបន្ទាប់ពីជនជាតិវៀតណាមទាំងនោះ ត្រូវសមត្ថកិច្ចកម្ពុជា បើកប្រតិបត្តិការឃាត់ខ្លួននៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរកឃើញថាពួកគេជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ៍ ព្រមទាំងប្រព្រឹត្តបទល្មេីសអន្តោប្រវេសន៍ ដូចជាធ្វេីការងារខុសច្បាប់ដោយគ្មានប័ណ្ណការងារ​ ប្រេីប្រាស់ទិដ្ឋាការខុសគោលបំណង​ (ប្រេីទិដ្ឋាការទេសចរណ៍​ មកធ្វេីការងារ)​ និងឆ្លងដែនខុសច្បាប់។

លោក ទូច សុខៈ បញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអនុវត្តនីតិវិធីបណ្ដេញជនជាតិវៀតណាមទាំងនោះតាមច្រកទ្វារអន្តរជាតិបាវិត​ ប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ​ ព្រមទាំងមានការចូលរួមពីតំណាងស្ថានទូតវៀតណាមប្រចាំ​នៅកម្ពុជា​ផងដែរ ដោយធ្វើស្របតាមច្បាប់ស្ដីពីអន្តោប្រវេសន៍កម្ពុជា និងប្រកាសរបស់ក្រសួងមហាផ្ទៃ និងគោរពតាមគោលការណ៍ទូទៅនៃសិទ្ធិមនុស្សជាសកល។
ក្រោមការយកចិត្តទុកដាក់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អង្គភាពពាក់ព័ន្ធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវសហការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ​ ព្រមទាំងបទល្មេីសអន្តោប្រវេសន៍​ និងឧក្រិដ្ឋកម្មឆ្លងដែនឱ្យមានប្រសិទ្ធភាព ព្រោះកន្លងមកកម្ពុជាបានក្លាយជាប្រទេសរងគ្រោះ ព្រោះតែជនបរទេសមួយចំនួន បានប្រើគ្រប់ឧបាយកលទុច្ចរិតយកជាទីតាំងប្រព្រឹត្តបទល្មើសជាច្រើន៕