សូមចូលរួមត្រេកអរដែលសម្តេចតេជោប្រកាសឧបត្ថម្ភយុវសិស្ស អន ផានិត បន្ទាប់ពីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ជាប់និទ្ទេស A

ព័ត៌មានជាតិ

ផ្សាយចេញពីរាជធានីភ្នំពេញ ខេត្តកំពត៖ ទោះបីរស់ក្នុងជីវភាពគ្រួសារក្រីក្រដែលមានឪពុកម្តាយជាជនមានពិការភាព រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ក្រោមដំបូលខ្ទមធ្លុះធ្លាយមើលឃើញមេឃមែន ប៉ុន្តែយុវសិស្សឈ្មោះ អន ផានិត បានព្យាយាមតស៊ូសិក្សារៀនសូត្រគ្មានពេលទំនេររហូតបានជោគជ័យហួសពីការស្មាន គឺលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)កន្លងទៅថ្មីៗនេះ ជាប់បាននិទ្ទេស «A» ។
ភាពអស្ចារ្យរបស់យុវសិស្ស អន ផានិត រៀននៅវិទ្យាល័យសម្ដេចជាស៊ីម អង្គរជ័យ បច្ចុប្បន្នស្នាក់នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ជាបេក្ខជនប្រឡងបាក់ឌុប ជាប់និទ្ទេស «A» នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតៈនាយករដ្ឋមន្រ្តី និង ជាប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ប្រកាសថា នឹងជួយទំនុកបម្រុងសិស្សក្រខ្សត់ដែលប្រលងបាក់ឌុបជាប់និទ្ទេស A រូបនេះ និង ក្រុមគ្រួសារមានឪពុកម្តាយជាជនមានពិការភាពរស់នៅក្នុងខេត្តកំពត ដែលជួបការលំបាក ឱ្យបានរៀនសូត្រ និង រស់នៅសមរម្យឡើងវិញ ។

តាមរយៈសារសម្លេង ក្នុងបណ្តាញតេលេក្រាមផ្លូវការ សម្តេចតេជោ ហ៊ុន សែន គឺសមដេចបានបញ្ជាឱ្យ លោក សេង ទៀង ជំនួយការរបស់សម្តេចរៀបចំផ្តល់អាហាររូបករណ៍ និង ថវិកាដើម្បីជួយក្មេងប្រុសខាងលើ និង ជួយសងបំណុលដែលគ្រួសារក្មេងខាងលើជំពាក់គេផងដែរ ។ បន្ថែមពីនេះ សម្តេចស្នើឱ្យរៀបចំកន្លែងស្នាក់នៅជាមួយ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និង ជាមេបញ្ជាការកងអង្គរក្សរបស់សម្តេច ព្រមទាំងស្វែងរកសាលាឱ្យក្មេងរូបនេះ រៀនជំនាញនៅសាកលវិទ្យាល័យ ព្រមទាំងទិញម៉ូតូ ដើម្បីឱ្យរូបគេ ដែលមានឪពុកម្តាយសុទ្ធសឹងតែជាអ្នកមានពិការភាពនោះ ធ្វើដំណើរទៅរៀននៅសាកលវិទ្យាល័យផងដែរ ។ ជាមួយនេះដែរ សម្តេចក៏បានណែនាំឱ្យរៀបចំសង់ផ្ទះថ្មីមួយខុ្នងសមរម្យជូនដល់គ្រួសាររបស់ យុវសិស្ស អន ផានិត ព្រមទាំងទំនុកបម្រុងថវិកាដល់គ្រួសារ១ខែ១លានរៀលថែមទៀត ។
ប្រភពពីស្រុកអង្គរជ័យបានឲ្យដឹងថា គ្រួសារអភ័ព្វមួយនេះ បើទោះបី មានជីវភាពខ្វះខាត ហើយឪពុកម្ដាយមានពិការភាព ប៉ុន្ដែយុវជន អន ផានិត នៅតែព្យាយម តស៊ូខិតខំប្រឹងប្រែងរៀនសូត្រ រហូតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់បាននិទ្ទេស «A» នាឆ្នាំ២០២៣នេះ ហើយនៅថ្ងៃខាងមុខ គេមានបំណងចង់បន្ដសិក្សាផ្នែកវិស្វករ ដូច្នេះសម្តេចតេជោ នឹងបន្តជួយឧបត្ថម្ភជានិច្ច ៕