លោក អ៊ុក ត្រេវ ថា ប្រធានមន្ទីរសុរិយោដីខេត្តកែប ចេះជប់ហើយ បានជាមានស្នាមមេដៃរបស់គាត់ទៅផ្ទេរបណ្ណកម្មសិទ្ធដីឲ្យអ្នកផ្សេងទាំងលោកមិនបានដឹងបែនេះ ?

ព័ត៌មានជាតិ

ផ្សាយចេញពីរាជធានីភ្នំពេញ ៖ ខេត្តកែប ÷ កន្លងមកមានបណ្ដាញសារព័ត៌មានមួយចំនួនបានចុះផ្សាយថា « ការពិតឬទេ ? លោក អ៊ុក ត្រូវ ម្ចាស់ដីស្របច្បាប់ ស.ជ.ណ របស់រាជរដ្ឋាភិបាល ចោទប្រកាន់ថា អាជ្ញាធរខេត្ត ក្លែងបន្លំឯកសារប្រគល់ដី ជាង៧៦ហិកតា ឲ្យអ្នកដទៃ ខណៈលោកសុំអន្តរាគមន៍ទៅថ្នាក់លើរួចហើយ » ។
ក្រោយមកត្រូវបានមន្ទីរសុរិយោដីខេត្តកែបចេញសេចក្ដីបំភ្លឺព័ត៌មានថា ជារឿងមិនពិត និង បានបដិសេធន៍ទាំងស្រុង ព្រោះការអនុវត្តនីតិវិធីនូវការកសាងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលមានទំហំ ៧៦៥,០០០ម២ ជូនឈ្មោះ អ៊ុក ក្រេវ ត្រឹមត្រូវស្របតាមអនុក្រឹត្យលេខ ២៥៥ អនក្រ.បក ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ស្តីពីការកាត់ឆ្វៀលដីទំហំ ៧៦៥, ០០០ម២ ស្ថិតនៅភូមិ ទួលសាដាំ ឃុំអន្តោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងដែនព្រៃលិចទឹក ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិជូនឈ្មោះ អ៊ុក ត្រូវ និងស្របតាម ស.ជ.ណ លេខៈ ១០៩៤ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
ទាក់ទិននឹងការផ្ទេរសិទ្ធិវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីទំហំ៧៦៥,០០០ម២មកឈ្មោះ ចៅ ដូម៉ានេត្រ គឺឈ្មោះ អ៊ុក ត្រេវ បានមកផ្តិតមេដៃ លើឯកសារ ទិញ-លក់ នៅចំពោះមុខមន្ត្រីជំនាញ ពិតប្រាកដ ព្រមទាំងមានឯកសារយោងគ្រប់គ្រាន់ ស្របតាមនីតិវិធីសេវាសុរិយោដី ទើបមន្ទីរអាចចុះបញ្ជីបន្តបាន ។
ដើម្បីឲ្យជ្រាបច្បាស់អង្គភាពយើងក៏បានទាក់ទងសួរផ្ទាល់ទៅលោក និម្មាបនិក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តកែបនៅព្រឹកថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៣នេះ គឺលោកបានប្រាប់តាមទូរស័ព្ទថា
( សម្លេង ម៉ានីន )
ក្រោយពីមានការបង្ហាញឯកសារ និង ការអះអាងពីលោក សុទ្ធ ពុទ្ធិម៉ានីន ដូចខាងលើ ត្រូវបានលោក អ៊ុក ត្រេវ ស្កាត់មកជួបអង្គភាពយើងដោយប្រាប់ផ្ទាល់មាត់ថា រឿងនេះពិតជាចម្លែកមែនព្រោះលោកមិនបានផ្ដិតមេដៃលើលិខិតផ្ទេរសិទ្ធសោះ បែរជាមន្ត្រីជំនាញខេត្តកែបលួចបន្លំយកស្នាមមេដៃគាត់ទៅផ្ទេរសិទ្ធចេញប្លង់ឲ្យមនុស្សម្នាក់ជាបុគ្គលមានលុយ មានអំណាច ដែលលោកមិនដែលស្គាល់ ដ៏គួរឲ្យហួសចិត្តទៅវិញ ។ ដូច្នេះលោកសូមប្រកាសបដិសេធចោលទាំងស្រុង ហើយនឹងតស៊ូមតិប្ដឹងផ្ដល់តាមឋានានុក្រម មិនបណ្ដោយឲ្យពួកគេឃុបឃិតគ្នាបន្លំយកបានដោយស្រួលៗនោះទេ ។
( សម្ភាសន៍ អ៊ុក ត្រេវ )
ក្រែងពុំប្រាកដអង្គភាពយើងបានបោះលិខិតលក់ផ្ដាច់មួយសន្លឹកតាមតេឡេក្រាមលោក ពិទ្ធិម៉ានីន ដែលលិខិតនោះមានស្នាមមេដៃមនុស្ស៤នាក់ គឺលោក អ៊ុក ត្រេវ ភាគីអ្នកលក់ ,លោកស្រី ចៅ ដូម៉ានេត្រ ភាគីអ្នកទិញ ឈ្មោះ លឹម ហ៊ត សក្សីទី១ និងឈ្មោះ លី ហាក់ សក្សីទី២ មិនមានហត្ថលេខាមេភូមិទួលសាងាំទេ តែមានលោក ទិន បេន មេឃុំអង្កោលចុះហត្ថលេខាទទួលស្គាល់ ដើម្បីសួរថា តើលិខិតមួយនេះឬដែលលោក អ៊ុក ត្រេវ បានផ្ដិតមេដៃទាំងញញឹកនៅចំពោះមុខលោក ? ហើយត្រូវបានលោកប្រធានមន្ទីរផ្ដល់ចម្លើយមកវិញជាសំណេរថា បាទ ។
( សំណួរតាមតេឡេក្រាម )
ប៉ុន្តែបើពិនិត្យលើរូបភាពលោក អ៊ុក ត្រេវ បានទៅផ្ដិតមេដៃទាំងញញឹម នៅចំពោះមុខប្រធានមន្ទីរ នោះ ឃើញថា ក្រដាសផ្តិតមេដៃនោះសង្ស័យមិនមែនជាក្រដាសទំរង់លក់ផ្តាច់ដែលលោកផ្ញើមកនោះទេ ពីព្រោះក្នុងរូបភាពនោះគឺបានបង្ហាញឲ្យឃើញនូវរូបសញ្ញាម្យ៉ាងទំនងដូចជាឡូហ្គូពន្ធដា គឺដូចអ្វីដែលលោក អ៊ុក ត្រេវ លើកឡើងដូច្នោះដែរ ។
បើយោងតាមលិខិតលក់ផ្ដាច់ចុះហត្ថលេខាទទួលស្គាល់ដោយលោក ទិន បេន មេឃុំអង្កោលនៅថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៣លេខ១៧៧២ /២៣ អក បញ្ជាក់ឲ្យឃើញថា ឈ្មោះ អ៊ុក ត្រេវ បានព្រមព្រៀងលក់ដីកសិកម្ម១កន្លែងដែលមានក្បាលដីលេខ០០០២ ឲ្យទៅឈ្មោះ ចៅ ដូម៉ានេត្រ ប៉ុន្តែត្រូវបានលោក អ៊ុក ត្រេវ បដិសេធមិនទទួលស្គាល់ឡើយ ខណៈដែលោក ទិន បេន មេឃុំអង្កោល មកដល់ពេលនេះអង្គភាពយើងបានព្យាយាមគ្រប់មធ្យាបាយដើម្បីសុំឲ្យមានការបំភ្លឺដែរ តែមិនអាចធ្វើបានទេ ព្រោះទូរស័ព្ទចូលគ្មានអ្នកទទួល ហើយស្កាត់ទៅសាលាឃុំ និង ទៅដល់ផ្ទះគាត់ក៏មិនបានជួបដែរ ដែលមើលទៅទំនងដូចជាគាត់មានចេតនាគេចវេសមិនចង់ឆ្លើយបំភ្លឺតែម្ដង ។
ករណីនេះបើតាមអ្នកមានបទពិសោធន៍លើការធ្វើលិខិតទិញ-លក់ដីធ្លី បានលើកឡើងថា ការធ្វើលិខិតកក់ប្រាក់ឬលក់ផ្ដាច់គេធ្វើនៅចំពោះមុខតែអាជ្ញាធរ ភូមិ ឃុំ ស្រុក វាជាការស្រេច រីឯការការលើកឡើងរបស់លោកប្រធានមន្ទីរថា ការផ្ដិតមេដៃលើលិខិតលក់ផ្ដាច់ខាងលើ លោក អ៊ុក ត្រេវ បានទៅធ្វើទាំងញញឹមនៅចំពោះមុខគាត់នោះ គឺគេមិនបានឃើញហត្ថលេខា ឬ ស្នាមមេដៃរបស់លោកប្រធានមន្ទីរនៅលើលិខិតលក់ផ្តាច់នោះឡើយ ។
លោក អ៊ុក ត្រេវ បានមានចម្ងល់ថា តើប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តកែបលោកនិម្មាបនិក.សុទ្ធ ពុទ្ធិម៉ានីន ចេះជប់ ឬ ប្រែកាឡាទេដឹង បានជាមានស្នាមមេដៃរបស់គាត់ទៅផ្ទេរសិទ្ធិឲ្យលោកស្រី ចៅ ដូម៉ាណេត បែបនេះ ? តើឲ្យលោកត្រូវដោះស្រាយយ៉ាងម៉េចជាមួយប្រជាពលរដ្ឋ៣២គ្រួសារខាងលើ ? លោកមិនយល់ទេ ហេតុអ្វីបានជាថ្នាក់ឃុំ ស្រុក និង ថ្នាក់ខេត្តធ្វើដាក់លោក និង ប្រជាពលរដ្ឋទន់ខ្សោយបែបនេះ ? សូមអ្នកច្បាប់ និង ប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតីហ៊ុន ម៉ាណែត ជួយរកយុត្តិធម៌ដល់រូបលោក និង ប្រជាពលរដ្ឋទាំង៣២គ្រួសារនេះផង ព្រោះទង្វើនេះអាចជាអំពើរំលោភបំពាន ក្លែងបន្លំទាំងស្រុងលើសិទ្ធស្របច្បាប់របស់ប្រជាពលរដ្ឋ ៕