អាងមានអំណាចប្ដីពាក់ផ្កាយ៣ ថ្លើមធំហ៊ានចាក់ដីធ្វើរបងរំលោភយកដីព្រែកនិងចំណីផ្លូវសាធារណៈមិនញញើតរដ្ឋអំណាចមូលដ្ឋាន

ព័ត៌មានជាតិ

ផ្សាយចេញពីរាជធានីភ្នំពេញ ខេត្តកំពត ÷ព្រោះតែមានអំណាចនិងមានលុយ ទោះបីដឹងថា ទង្វើរបស់ខ្លួនប៉ះពាល់ដល់សម្បត្តិសាធារណៈរបស់រដ្ឋ និង ផលប្រយោជន៍ប្រជាជន ហើយរដ្ឋអំណាចមូលដ្ឋានប្រាប់ឲ្យរង់ចាំជំនាញពិនិត្យសិនយ៉ាងណាក៏ដោយក៏បុគ្គលម្នាក់នេះមិនគោរព ឬ ញញើត នៅតែជំនះចាក់ដីរំលោភយកចំណីអូរ ចំណីប្រឡាយ ដៃព្រែក និង ចំណីផ្លូវ សាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនអត់អៀនខ្មាសដែរ ។
ប្រភពពីប្រជាពលរដ្ឋក្នុងភូមិបានឲ្យដឹងថា បុគ្គលលោភលន់ម្នាក់នេះ បានឆ្លៀតឱកាសក្នុងពេលដែលរដ្ឋអំណាចមូលដ្ឋាន និង សមត្ថកិច្ចជំនាញកំពុងជាប់រវល់រៀបចំពិធីបុណ្យអុំទូក គឺគាត់ប្រញ៉ាប់ជួលឡានចាក់ដីនិងធ្វើរបងបុកគ្រិះរឹងមាំរំលោភបិទផ្លូវចូលផ្ទះប្រជាពលរដ្ឋនៅខាងក្រោយ លប់ព្រែកយកភ្លាមៗតែម្ដង ។ ជាមួយគ្នានេះផ្លូវដើរទៅមាត់សមុទ្រលើខ្នងព្រែកស្ថិតនៅក្នងភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពតមានបណ្តោយប្រវែង(100)ម៉ែត្រ ទទឹង(៥)ម៉ែត្រដែលប្រជាពលរដ្ឋក្នុងភូមិថែរក្សាទុកជាប្រយោជន៍រួមយូរឆ្នាំមកហើយនោះក៏ត្រូវបានបុគ្គលខាងលើរំលោភយកអស់មួយចំហៀងផងដែរ ។ ប្រភពដដែលបានបញ្ជាក់ថា នៅថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២៣ ក្នុងពេលដែលគេកំពុងចាក់ដីរំលោភបំពាននោះ ក្រុមប្រជានេសាទនៅភូមិដូនតោកមានប្រតិកម្ម និង មានកំហឹងយ៉ាងខ្លាំងដោយបានទៅហាមឃាត់និងរារាំងមិនឲ្យធ្វើសកម្មភាពដែរ តែបុគ្គលរូបនេះអាងអំណាច និង អាងមានលុយមិនព្រមស្ដាប់ឡើយ ។
(ចាក់សំឡេងប្រជាពលរដ្ឋ )
ក្នុងពេលកើតមានភាពចលាចលនោះគេនៅមិនទាន់ដឹងថា បុគ្គលអ្នកមានលុយមានអំណាចរូបនោះ ជាមន្រ្តីសីវិល ឬ កងកម្លាំងប្រដាប់អាវុធនៅឡើយទេ ព្រោះសូម្បីតែលោក ពៅ សុន ចៅសង្កាត់ត្រើយកោះដែលបានទៅចូលរួមថ្ងៃនោះផ្ទាល់ ក៏បានប្រាប់ ជីវិត និង កីឡា ដែរថា អ្នកចាក់ដីនោះបានសុំច្បាប់មែន តែគាត់ចាក់រំលោភលើសម្បត្តិសាធារណៈ ហើយក៏មិនដឹងថា គាត់ជាមនុស្សថ្នាក់ណាដែរ គ្រាន់តែដឹងថាជាអ្នករស់នៅភ្នំពេញ ។
( សម្លេង ពៅ សុន )
ប៉ុន្តែក្រោយពីការតវ៉ានោះកើតឡើង អង្គភាពយើងបានស៊ើបសួរដឹងថា ម្ចាស់ទីតាំងដីនេះឈ្មោះលោកស្រី ខៀវ រិនហ៊ាង ភរិយាលោកផ្កាយ៣ប៉លីសក្រសួងមហាផ្ទៃ ។
បើយោងតាមឯកសារទិញលក់ដីនៅចំណុចខាងលើ បានបង្ហាញថា ដីទីតាំងដីនោះអ្នកលក់ឈ្មោះ ណៃ វ៉ាន់លី ឯអ្នកទិញគឺលោកស្រី ខៀវ រិនហ៊ាង ភរិយាលោក អ៊ុំ ពិសិដ្ឋ ប៉ូលីសផ្កាយ៣នៅក្រសូងមហាផ្ទៃ ។ ម្ចាស់ក្រោយនេះហើយដែលមានមហិច្ឆតាទុច្ចរិតក្នុងការរំលោភបំពានយកសម្បត្តិសាធារណៈទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួនឥតអៀនខ្មាស ។
ពាក់ព័ន្ធនឹងករណីនេះលោក ម៉ែន សុវណ្ណារ៉ា អភិបាលរងក្រុងខេត្តកំពត ដែលបានចុះទៅពិនិត្យផ្ទាល់បានឲ្យដឹងថា មើលតាមជាក់ស្ដែងឃើញថា ការចាក់ដី និង ធ្វើរបងនេះពិតជាធ្វើលើសពីការសុំច្បាប់មែន ដូច្នេះលោកនឹងរាយការណ៍ប្រាប់ថ្នាក់លើដើម្បីមានចំណាត់ការតាមផ្លូវច្បាប់ ។
ចំណែកលោកឧត្តមសេនីយ៍ឯក អ៊ុំ ពិសិដ្ឋ ជីវិត និង កីឡា មិនអាចរកមធ្យាបាយសុំការបំភ្លឺបានទេ ខណៈដែលលោកស្រី ខៀវ រិនហ៊ាង ជាភរិយា នៅព្រឹកថ្ងៃទី២០ខែវិច្ឆិកានេះបានប្រាប់តាមទូរស័ព្ទថា គាត់មិនបានចាក់ដី ឬ ធ្វើរបងបិទផ្លូវអីផង ហើយគាត់ក៏មិនអាចឆ្លើយអីដែរ ព្រោះអត់ទាន់បានទៅមើលផ្ទាល់នៅឡើយ ។
( សម្លេង ខៀវ រិនហ៊ាង )
ដោយឡែកលោក បេង សំណាង ប្រធានការិយាល័យភូមិបាលក្រុងកំពត នៅព្រឹកថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៣នេះ បានប្រាប់ ជីវិត និង កីឡា តាមទូរស័ព្ទថា ដីនោះមិនទាន់មានប្លង់រឹងទេ ដូច្នេះវាជាសមត្ថកិច្ចរបស់អាជ្ញាធរមូលដ្ឋាន លោកមិនអាចលូកលាន់បានទេ ។
( សម្លេង បេង សំណាង )
ទោះបីមានមន្ត្រីអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យ និងបានបញ្ចាក់ថា មានការរំលោភបំពានលើសម្បត្តិសាធារណៈហើយអះអាងថា នឹងជូនដំណឹងទៅថ្នាក់លើក៏ដោយ ក៏ប្រជាពលរដ្ឋក្នុងភូមិដូនតាក នៅតែមានការសង្ស័យថា ប្រហែលជាមានអាជ្ញាធរ និង មន្ត្រីជំនាញមួយចំនួនអាចត្រូវដង ត្រូវផ្លែជាមួយជនខិលខូចដោយឃុបឃិតគ្នាមើលរំលងវិសោធនកម្មច្បាប់ភូមិបាលត្រង់មាត្រា៨ ដែលបានចែងឲ្យយល់ដឹងពីគម្លាតចំណីផ្លូវទឹកជាសម្បត្តិរដ្ឋមានដូចជា ៖
១.ចំណីទន្លេ 50 ម៉ែត្រ
២.ចំណីបឹង 50 ម៉ែត្រ
៣.ចំណីស្ទឹង 30 ម៉ែត្រ
៤.ចំណីព្រែក 20 ម៉ែត្រ និង
៥.ចំណី អូរ10 (ដប់)ម៉ែត្រគិតពីមាត់ច្រាំងអូរ ។
ប្រជាពលរដ្ឋនិងបងប្អូនដែលមានទូកនេសាទសមុទ្ររស់នៅក្នុងភូមិខាងលើ បានលើកឡើងថា វាពិតជាគួរស្រណោះណាស់ ដែលកំណាត់ផ្លូវ ប្រឡាយទឹក ឬដៃព្រែក ដែលជាប្រយោជន៍រួមជាយូរមកហើយ ឥឡូវកំពុងប្រឈមនឹងការបាត់បង់សភាពធម្មជាតិដើមទាំងស្រុង ព្រោះវាបានក្លាយទៅជាកម្មសិទ្ធិរបស់អ្នកមានជំនាន់ថ្មីខ្លះៗទៅហើយ ។ ដូច្នេះពួកគាត់បានសំណូមពរដល់លោក ម៉ៅ ធនិន អអភិបាលខេត្តកំពត មេត្តាជួយរកដំណោះស្រាយ ទាមទារឲ្យបុគ្គលរូបនេះកាយព្រែកឲ្យមានទឹកហូរកុំឲ្យលិចលង់ផ្ទះសម្បែង ,បើកផ្លូវឲ្យប្រជាពលរដ្ឋបានធ្វើដំណើរទៅចំណតទូកដូចដើម និង ដកបង្គោលរបងដែលព័ទ្ធរំលោភលើចំណីផ្លូវចេញវិញផង ព្រោះទាំងអស់នេះសុទ្ធតែជាទីពឹងផ្អែកសេដ្ឋកិច្ចប្រចាំថ្ងៃក្នុងគ្រួសាររបស់ពួកគាត់ ៕