ព្រឹកស្អែក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨ ១០៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ

ព័ត៌មានជាតិ

ថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ រោងចក្រ សហគ្រាសទាំង ១៣នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១០ រោងចក្រដេរស្បែកជើង ចំនួន ២ និង រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១ ។

នេះ គឺជាលើកទី១០ និងជាជំនួបចុងក្រោយក្នុងឆ្នាំនេះ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ដោយក្នុងចំនួនទាំង ១០លើក មានបងប្អូនកម្មករ និយោជិតសរុបចំនួន ១៧២ ៣៥០នាក់ មកពីក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស និងរោងចក្រសហគ្រាសចំនួន ១៨៩ មានដូចជា៖
១/. រោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១២២
២/. រោងចក្រផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១៦
៣/. រោងចក្រដេរស្បែកជើង ចំនួន ១៦
៤/. រោងចក្របោកគក់សម្លៀកបំពាក់ ចំនួន ៦
៥/. រោងចក្រតម្បាញ ចំនួន ៣
៦/. រោងបោះពុម្ពលើសម្លៀកបំពាក់ ចំនួន ៣
៧/. រោងចក្រសេវាប៉ាក់សម្លៀកបំពាក់ ចំនួន ២
៨/. រោងចក្រផលិតសម្ភារសត្វចិញ្ចឹម ចំនួន ២
៩/. រោងចក្រផលិតកេសកាតុង ចំនួន ២
១០/. រោងចក្រផលិតចំណីសត្វ ចំនួន ២
១១/. ក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស ចំនួន ១
១២/. រោងចក្រផលិតផលិតផលតង់ និងសម្ភារបោះជំរំ ចំនួន ១
១៣/. រោងចក្រផលិតស្បែកជើង ចំនួន ១
១៤/. រោងចក្រផលិតគ្រឿងអេឡិចត្រូនិក ចំនួន ១
១៥/. រោងចក្រផលិតឆត្រ ចំនួន ១
១៦/. រោងចក្រខារអំបោះ ចំនួន ១
១៧/. រោងចក្របោះពុម្ភលើក្រណាត់ ចំនួន ១
១៨/. រោងចក្រផលិតគ្រឿងសង្ហារឹម ចំនួន ១
១៩/. រោងចក្រផលិតថ្មម៉ាប ចំនួន ១
២០/. រោងចក្រកែច្នៃស្បែក ចំនួន ១
២១/. រោងចក្រផលិតសម្ភារការិយាល័យ ចំនួន ១
២២/. រោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ ចំនួន ១
២៣/. រោងចក្រជ្រលក់ក្រណាត់ ចំនួន ១
២៤/. រោងចក្រផលិតអេប៉ុង ចំនួន ១
២៥/. រោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិច ចំនួន ១ ។