សាសនិកខ្មែរឥស្លាមនៅម៉ាស្ជិតម៉ាក់ប្រាង្គខាងត្បូងខកចិត្តចំពោះគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជាដែលនៅតែទុកលោក ឌុល ស្មាអេល ឲ្យមានតួនាទីជាបេឡាដដែល

ព័ត៌មានជាតិ

ផ្សាយចេញពីរាជធានីភ្នំពេញ  ខេត្តកំពត÷ ចំណាត់ការរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលបានចូលមកដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃក្នុងវិហារម៉ាក់ប្រាង្គខាងត្បូង លើបញ្ហាការតវ៉ា ទាមទារឲ្យដកបុគ្គលឈ្មោះ ឌុល ស្មាអេល ចេញពីតួនាទីជាបេឡាក្នុងស៊ូរ៉ាវមួយនេះកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺបងប្អូនសាសនិកខ្មែរឥស្លាមនៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត បដិសេធមិនព្រមទទួលយកឡើយ ព្រោះតែចំណាត់ការនោះមិនសមដូចបំណងដែលពួកគាត់ចង់បាន ។
បងប្អូនសាសនិកឥស្លាមដែលមកតវ៉ានោះបានប្រាប់អង្គភាពយើងថា កិច្ចប្រជុំរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាដើម្បីបញ្ចប់វិវាទខាងលើ គេមិនអនុញាតិឲ្យបងប្អូនចូលរួមស្ដាប់ ឬ បញ្ចេញមតិយោបល់ និង ធ្វើសេចក្ដីសម្រេចផ្សេងៗនោះទេ ព្រោះជាវិន័យរបស់សាសនាឥស្លាមគឺឲ្យមានសិទ្ធិចូលរួមតែអ្នកដឹកនាំម៉ាស្ជិតនានាទូទាំងខេត្តនៃសមាគមតែប៉ុណ្ណោះ ។ អ្នកដឹកនាំទាំងនោះមានតួនាទីចូលរួមបញ្ចេញមតិ ឲ្យយោបល់ និង បោះឆ្នោតផ្លាស់ប្ដូរអ្នកដឹកនាំថ្វាយបង្គំក្នុងម៉ាស្ជិតណាមួយដែលអនុវត្តប្រាសចាកពីវិន័យរបស់សាសនាឥស្លាម ឬក៏ធ្វើការងារលើសតួនាទីដែលខ្លួនទទួលបានពីការបោះឆ្នោត ឬ ការតែងតាំងទទួលស្គាល់ដោយចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា ។
ប៉ុន្តែលទ្ធផលដែលបងប្អូនបានចំណាយពេលអង្គុយរង់ចាំរហូតដាច់បាយក្រហាយទឹកនោះ គឺការខកចិត្តចង់ដាច់ផ្ងាទៅវិញ ព្រោះក្រោយកិច្ចប្រជុំនោះ គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជានៅតែសម្រេចតម្កល់លិខិតបង្គាប់ការលេខ ៤៩០/២៣ ចគជឥក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលតម្រូវឲ្យបុគ្គលឈ្មោះ ឌុល ស្មាអេល កាន់តួនាទីជាបេឡាប្រចាំម៉ាស្ជិតម៉ាក់ប្រាងខាងត្បូងដដែល ដែលធ្វើឲ្យបងប្អូនមានប្រតិកម្ម ប្រាកាសបដិសេធ មិនព្រមទទួលយកភ្លាមៗតែម្ដង ។
( រូបភាពស្រែកតវ៉ា )
ចំណែកលោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និង សាសនាខេត្តកំពត បែរជាលើកឡើងថា ការសម្រេចរបស់គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជានោះ គឺបានផ្ដល់យុត្តិធ៌មមួយដល់បងប្អូនសាសនិកខ្មែរឥស្លាម ដោយធ្វើតាមលក្ខន្តិកៈ ក៏ដូចជាបទបញ្ជាច្បាស់លាស់ថែមទៀតផ ។
( សម្ភាសន៍នាក់ យិតថូ )
ពាក់ព័ន្ធរឿងនឹងវិវាទនេះ លោក ឌុល ស្មាអេល ដែលគេចាត់ទុកថា ជាមេរោគ និង ជាដើមចមនៃជម្លោះនេះ គឺមិនព្រមធ្វើអត្ថាធិប្បាយ ឬ បកស្រាយបំភ្លឺជាមួយភ្នាក់ងារ ជីវិត និង កីឡាឡើយ ទោះសុំសម្ភាសន៍ផ្ទាល់ ឬ សម្ភាសន៍តាមទូរស័ព្ទក៏ដោយ ដែលឥរិយាបទបែបនេះ ធ្វើឲ្យមហាជនយល់ថា ការដាក់សម្ពាធពីបងប្អូនសាសនិកអ៊ីស្លាមក្នុងភូមិម៉ាក់ប្រាងដែលចោទប្រកាន់លោកនោះគឺជារឿងពិតទាំងស្រុង តែម្ដង ។
យ៉ាងណាការសម្រេចតម្កល់លិខិតបង្គាប់ការដែលប្រជាពលរដ្ឋអះអាងថា មិនមានភាពប្រក្រតី ធ្វើឲ្យពួកគាត់មិនអស់ចិត្ត និង មិនអាចទទួលយកបាននៅក្នុងកិច្ចប្រជុំ របស់គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជាកាលពីថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២៣នេះ គឺពួកគាត់ចាត់ទុកថា ជារឿងមិនបានការ រួចក្រុមអ្នកតវ៉ាក៏បានបន្តដំណើរឆ្ពោះទៅកាន់រដ្ឋបាលខេត្ត ដើម្បីស្នើសុំឲ្យលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតជួយរកយុត្តិធម៌ជូនពួកគាត់វិញម្តង ។ ប៉ុន្តែដោយមិនបានជួបលោកអភិបាលខេត្តផ្ទាល់ ពួកគាត់ក៏បានដាក់ពាក្យស្នើសុំកិច្ចអន្តរាគមន៍ និង រង់ចាំធ្វើការដោះស្រាយពីរដ្ឋបាលខេត្តកំពតនៅពេលក្រោយជាបន្តទៀត ៕